បារាំងដង្ហែរក្បួនព្យុហយាត្រា ក្នុងទិវាឯករាជ្យជាតិ ១៤ កក្កដា
ដោយសារតែការឆ្លងរាលដាលកូវីដ ១៩ ពិធីដង្ហែរក្បួនព្យុហយាត្រាឆ្នាំនេះធ្វើឡើងទ្រង់ទ្រាយតូច ដោយមានមនុស្សតែ១០ពាន់នាក់ប៉ុណ្ណោះអនុញ្ញាត ឲ្យចូទៅទស្សនា លើវេទិកា ដែលពីមុនមានដល់ទៅ២៥០ពាន់នាក់ ។ អ្នកដែលចូលរួមត្រូវពាក់ម៉ាស់ និងបង្ហាញលិខិតបញ្ជាក់ ១ក្នុងចំណោម៣ មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរួចរាល់ លិខិតបញ្ជាក់ថាបានព្យាបាលកូវីដ១៩ជាសះស្បើយ និងលិខិតធ្វើតេស្តអវិជ្ជមានកូវីដ១៩ ។
ពិធីដង្ហែរក្បួនបានការចូលរួមពីកម្លាំងទាហានរាប់ពាន់នាក់ និងយន្តហោះចម្បាំង៧៣គ្រឿង ឧទ្ធម្ភាគចក្រពេទ្យ និងយន្តហោះជាច្រើនទៀតហោះហើរលើអាកាសនៃមហាវិថី Champs-Élysées ។ តើការទទួលបានឯករាជ្យរបស់បារាំង តាំងពីពេលណា ? ទិវាឯករាជ្យបារាំង ឬហៅថា« Bastille Day» ជាថ្ងៃនៃព្រឹត្តិការណ៍ ប្លន់គុក Bastille ត្រូវបានចាត់ទុកថាជាតំណាងនៃការកាន់ការកាន់អំណាចផ្តាច់ការ ឃោឃៅដោយមេដឹកនាំយោធា។
នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ១៧៨៩ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុងប៉ារីស ភាគច្រើនជាកម្មករ ពលករ និងពលរដ្ឋក្រីក្រ នាំគ្នាក្រោកឈរឡើង វាយប្រហារប្លន់គុក Bastille។ ការអំពាវនាវមានឈ្មោះថា«សូមវាយលុកដណ្តើម Bastille » ទទួលបានការគ្រាំទ្រយ៉ាងខ្លាំង និងការក្រោកឡើងរបស់ពលរដ្ឋនៅទូទាំងទីក្រុង។ ពលរដ្ឋនៅទីក្រុងបាននាំគ្នាហែក្បួនទៅកាន់ពន្ធនាគារដែលជានិមិត្តរូបនៃការត្រួតត្រាសក្ដិភូមិស្វ័យភាព។
បើទោះបីពន្ធនាគារ Bastille បានសាងសង់ជញ្ជាំងខ្ពស់នឹងក្រាស មានការការពារយ៉ាងតឹងតែង ផ្លូវចេញចូលត្រូវយាមល្បាតយ៉ាងតឹងតែង ដោយមានស្ពានខ្សែកាប់ចូលទៅកាន់ពន្ធនាគា។ ប៉ុន្តែអតីតទាហានបារាំង និងស៊ុយអែត ការពារយ៉ាងតឹងតែងក៏មិនអាចយកឈ្នះលើកម្លាំងពលរដ្ឋក្នុងទីក្រុងប៉ារីសបង្ខំឲ្យទាហាន សក្តិភូមិ ត្រូវចុះចាញ់។
ការដណ្តើមគ្រប់គ្រងពន្ធនាគារ Bastille បានក្លាយទៅជានិមិត្តរូប ក្នុងការក្រោកឈរឡើងធ្វើបដិវត្តនៅតាមតំបន់ជនបទ ជំរ៉ុញឲ្យមានបដិវត្តផ្ទុះឡើងក្នុងប្រទេសបារាំង ។ កម្លាំងពលរដ្ឋ បានក្រោគឡើងវាយប្រហារ ដុតបំផ្លាញទីតាំង របស់ក្រុមសក្តិភូមិ។ តាំងពីពេលនោះមក “Bastille Day” បានក្លាយជាទិវាជាតិដែលជានិមិត្តរូបនៃការបញ្ចប់នៃ“ របបរាជានិយមបុរាណរបស់បារាំង” ។ រដ្ឋាភិបាលបដិវត្តបារាំងត្រូវបានបង្កើតឡើងហើយបន្ទាប់មកបានបញ្ជាឱ្យបំផ្លាញពន្ធនាគារ Bastille ក្នុងកំឡុងឆ្នាំ ១៧៨៩-១៧៩០។
ទិវាឯករាជ្យរបស់បារាំងគឺក្រោយអាមេរិកតែ១០ថ្ងៃប៉ុណ្ណោះ ថ្ងៃទី១៤ខែកក្កដា គឺជាថ្ងៃដ៏សំខាន់សម្រាប់ពលរដ្ឋបារាំង ។ តាមប្រភពព័ត៌មានពីវិមាន Élysée បើទោះបីទិវាឯករាជ្យបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយព្រឹត្តិការណ៍ឆ្នាំ១៧៨៩ ប៉ុន្តែរហូតដល់ឆ្នាំ ១៨៨០ Bastille Dayទើបក្លាយទៅជាទិវាបុណ្យជាតិរបស់បារាំង។
តាំងពីឆ្នាំ១៨៨០ រហូតមកទល់ពេលនេះ ពលរដ្ឋបារាំង ប្រារព្ធទិវាឯករាជ្យជាតិ ដោយមានការបាញ់កាំជ្រួចផ្កាភ្លើង ពិធីដង្ហែរក្បួនព្យុហយាត្រា និងការជប់លៀងយ៉ាងសម្បាយរីករាយ ក្នុងថ្ងៃនេះ។ ជារៀងរាល់ឆ្នាំ ក្នុងរដ្ឋធានីប៉ារីស ក្នុងទិវាឯករាជ្យជាតិ មានពិធីដង្ហែរក្បួនយោធានៅទីលាន Champs-Élysées។ នៅយប់ថ្ងៃទី១៤ខែកក្កដា ពលរដ្ឋបារាំង នឹងបានទស្សនាពិធីបាញ់កាំជ្រួចនៅ តួអាហ្វែល។
ប៉ុន្តែនៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែវិបត្តិសុខភាព គឺការឆ្លងរាលដាលកូវីដ ១៩ រដ្ឋាភិបាលបារាំង បានសម្រេចរិតត្បិត ដោយពលរដ្ឋដែលទៅទស្សនាបាញ់កាំជ្រួចគឺត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ ។ ចំណែកពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង គឺមិនអនុញ្ញាតឲ្យទៅចូលរួមទស្សនានោះឡើយ។
ដើម្បីអាចទៅកម្សាន្ត នៅទីប្រជុំជនបាន ពលរដ្ឋបារាំងត្រូវតែមានលិខិតបញ្ជាក់សុខភាព ៣ប្រភេទរួមមាន លិខិត«កាត»បញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ លិខិតធ្វើតេស្ត អវិជ្ជមាន ឬលិខិតបញ្ជាក់ពី ការព្យាបាលកូវីដ ១៩ ជាសះស្បើយ។ សកម្មភាពខាងលើរបស់រដ្ឋាភិបាលបារាំង ក្នុងគោលដៅជំរ៉ុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងកូវិដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ១៩ ពិសេស គឺវីរុសបម្លែងខ្លួនថ្មីប្រភេទDelta ដែលកំពុងគំរាមកំហែងពិភពលោកសាជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។