ក្រុមជញ្ជីងចល័តក្រសួងសាធារណៈការ ឆ្មក់ចុះចាប់រថយន្តដឹកលើសទំងន់លើផ្លូវជាតិលេខ១ រកឃើញរថយន្ត១១គ្រឿង ដឹកលើសទំងន់
រថយន្តយីឌុបចំនួន១១គ្រឿង ត្រូវបានក្រុមជញ្ជីងចល័ត របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ចាប់ផាកពិន័យ ដោយសារតែរថយន្តទាំងនោះដឹកលើសទំងន់ដែលច្បាប់អនុញ្ញាតិ។
សកម្មភាពឆ្មក់ចុះចាប់រថយន្តដឹកលើសទំងន់នេះ បានចាប់ធ្វើឡើងរយៈពេល៣ម៉ោង គឺចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២៧សីហា ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
មន្ត្រីជំនាញដែលចុះប្រតិបត្តិការនេះបានថ្លែងថា ក្នុងរយៈពេល៣ម៉ោងនេះ ក្រុមជញ្ជីងចល័តចាប់រថយន្តយីឌុបធំៗបានចំនួន១៤គ្រឿង ក្នុងនោះក្រោយពីថ្លឹងទំងន់រួចរកឃើញថា មានរថយន្តដឹកខ្សាច់ និងរថយន្តដឹកថ្មចំនួន១២គ្រឿង បានដឹកលើសទំងន់ ចំណែករថយន្ត២គ្រឿងផ្សេងទៀត ពុំបានដឹកលើសទំងន់ទេ ហើយមន្ត្រីជំនាញក៏បានអនុញ្ញាតិអោយ បន្តដំណើរទៅមុខ ដោយមិនបានឃាត់ទុក ឬផាកពិន័យអ្វីទេ។
ដោយឡែក រថយន្តដែលដឹកលើសទំងន់១២គ្រឿង ក្នុងនោះលើសទាបបំផុត៧តោន និងខ្ពស់បំផុត២៥តោត ត្រូវបានមន្ត្រីជំនាញហៅម្ចាស់រថយន្តអោយធ្វើកិច្ចសន្យា និងបង់ផាកពិន័យទៅតាមផ្លូវច្បាប់ ព្រមទាំងកាយទំលាក់ខ្សាច់និងថ្មចេញពីរថយន្ត លែងអោយលើសទំងន់ ទើបអនុញ្ញាតិអោយយករថយន្តចេញទៅវិញបាន។
គួរបញ្ជាក់ផងដែរថា សកម្មភាពឆ្មក់ចេញចាប់រថយន្តដឹកលើសទំងន់ទាំងនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ព្រោះក្រុមរថយន្តទាំងនោះ មិនត្រឹមតែដឹកលើសទំងន់នោះទេ គឺគេដាក់ខ្សាច់និងថ្មហៀៗទ្រុង ពេលរត់នៅលើដងផ្លូវតែងតែជ្រុះខ្សាច់ ថ្មនៅតាមដងផ្លូវ ធ្វើអោយអ្នកដំណើរដែលបើកតាមក្រោយមានការព្រួយបារម្មណ៌ជាខ្លាំង គឺខ្លាចធ្លាក់មកត្រូវពួកគាត់ បណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។