ស្នងការនគរបាលខេត្តបាត់ដំបង ដកតំណែងអធិការស្រុករតនមណ្ឌល ក្រោយផ្ទុះរឿងអាស្រូវគាបស៊ីលុយពលរដ្ឋក្រីក្រ
លោកវរៈសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល ត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នការនគរបាលខេត្តបាត់ដំបងសម្រេចធ្វើការដកតំណែងនៅព្រឹកថ្ងៃទី២៨ ខែសីហា ក្រោយពីផ្ទុះរឿងអាស្រូវពុករលួយទារលុយពីប្រជាពលរដ្ឋក្រីក្រជាង១ពាន់ដុល្លារអាមេរិក ពាក់ពន្ធនឹងរឿងបទល្មើសគ្រឿងញៀន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចោទប្រកាន់លើលោក សន និល អធិការស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថា បានជំរិតយកលុយពីឪពុកជនរងគ្រោះ គឺលោកលី រុន រស់នៅភូមិត្រែង ឃុំ ផ្លូវមាស ស្រុករតនមណ្ឌល ចំនួន ១២០០ ដុល្លារ ជាថ្នូរនឹងការដោះលែងកូនគាត់ ដែលគ្មានកំហុសពាក់ព័ន្ធករណីគ្រឿងញៀនឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែលោក សន និល បានបដិសេធថា គាត់មិនបានយក ១២០០ ដុល្លារទេ គាត់ ( សន និល ) ទទួលបានតែ ៣លានរៀលទេ។
តាម facebook របស់លោក ផែន វណ្ណៈ បានបញ្ជាក់ថា “នៅព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ លោករួមទាំងបងប្អូនក្រុមការងារមនុស្សធម៌ ប្រចាំខេត្តបាត់ដំបង បានចុះទៅជួបសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ ដោយលោកអធិការស្រុករតនមណ្ឌលចាប់ជំរិតនៅ ភូមិត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងបាននាំយកថវិកាចំនួន ៥០ម៉ឺនរៀលទៅជូនគ្រួសារគាត់ដែលមានជីវភាពក្រីក្រ ។ បន្ទាប់ពីចេញពីជួបប្រជាពលរដ្ឋ លោកបានឆ្លៀតមកជួបលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ទោស្នងការ បានឲ្យដឹងថា លោកមិនយោគយល់ ចំពោះកំហុសឆ្គង របស់លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល ដែលធ្វើបាបរាស្ត្រនោះទេ “។
បន្ទាប់ពីផ្ទុះរឿងអាស្រូវនេះ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាឲ្យលោក សន និល យកលុយមកប្រគល់ជូន ជនរងគ្រោះវិញជាបន្ទាន់ ។ នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ លោក សន និល បានយកថវិកាចំនួន ១២០០ ដុល្លារ ដែលលោកជំរិតយកពីប្រជាពលរដ្ឋ ស្លូតត្រង់ គ្មានកំហុសមកប្រគល់ជូន ប្រជាពលរដ្ឋវិញ ។
បន្ទាប់ពីលោកសន និល បានប្រគល់លុយជូនជនរងគ្រោះវិញ លោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានដកលោក សន និល មកនៅការិយាល័យបុគ្គលិក ហើយបានតែងតាំងលោក ផាន់ ឡុង អធិការរងទទួលបន្ទកសណ្ដាប់ធ្នាប់ ឡើងជាអធិការស្ដីទី បណ្ដោះអាសន្នរង់ចាំការសម្រេចពីថ្នាក់ដឹកនាំអគ្គស្នងការ និង ក្រសួងមហាផ្ទៃ ។
ពេលនេះលោកវរសេនីយ៍ឯក សន និល បានស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំក្រុមការងារ ស្រាវជ្រាវ សាកសួរកសាងសំណុំរឿង សុំយោបល់ទៅថ្នាក់ដឹកនាំខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។