ក្តៅ​ខ្លាំង​នៅ​អាមេរិក បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រា់បសិប​កន្លែង​

​អាកាសធាតុ​ក្តៅ​ខ្លាំង នៅ​អាមេរិក​បាន​ស្លាប់​មនុស្ស​ជាច្រើន នាពេល​កន្លងមកហើយ​ពេលនេះ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ទ្រង់ទ្រាយ​ធំ ។ នៅពេលនេះ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ច្រើនជាង ១៤,០០០​នាក់ កំពុង​ប្រយុទ្ធ​តស៊ូ​ជាមួយ​អណ្តាតភ្លើង​ឆេះ​ព្រៃ​ជាង ៦០​កន្លែង ដែល​កំពុង​បំផ្លាញ​តំបន់​ជនបទ​ជាច្រើន នៅ​បណ្ដា​រដ្ឋ​ភាគ​ខាងលិច​របស់​សហរដ្ឋ​អាមេរិក ស្របពេល​មានការ​ព្យាករណ៍​ថា ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​រួមទាំង​អាកាសធាតុ​ក្ដៅ នឹង​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​។​

​ភ្លើង​ឆេះ​ព្រៃ​ឈ្មោះ ប៊ូ​តលែ​ក (Bootleg Fire) ក្នុង​តំបន់ ក្លា​ម៉ាត់ (Klamath) នៃ​រដ្ឋ អូ​រ៉េ​ហ្គ​ន (Oregon) គឺជា​ភ្លើង​ឆេះ​ព្រៃធំ​បំផុត គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ដោយ​វា​បាន​បំផ្លាញ​ព្រៃឈើ​លើ​ផ្ទៃដី​ជាង ៨៥៩​គីឡូម៉ែត្រ​ក្រឡា​។ អាជ្ញាធរ​បាន​ព្រមាន​ទៀតថា ភ្លើង​ឆេះ​ព្រៃ Bootleg Fire នឹង​បន្ត​ឆេះ​រាលដាល​កាន់តែខ្លាំង ក៏ដូចជា​នឹង​បង្ក​ឱ្យ​អាកាសធាតុ​ឡើង​ក្ដៅ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ផងដែរ​។​

​ដោយឡែក​នៅឯ​តំបន់​ភាគ​ខាងជើង​កាលីហ្វ័រ​ញ៉ា (Northern California) ភ្លើង​ឆេះ​ព្រៃ​ឈ្មោះ ប៊ែ​ក​វើ​ស (Beckwourth) គឺជា​ភ្លើង​ឆេះ​ព្រៃធំ​បំផុត​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ​វា​បាន​បំផ្លាញ​ព្រៃឈើ លើ​ផ្ទៃដី​ជាង ៣៨៥​គីឡូម៉ែត្រ​ក្រឡា ហើយ​គិត​ត្រឹម​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អាច​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ជាង ៧១% ហើយ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ គឺ​រល​កម្ដៅ​បង្កឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ Beckwourth បាន​ហក់​ឡើងដល់ ៤០​អង្សា​សេ​ឯណោះ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ភ្លើង​ឆេះ​ព្រៃ​ឈ្មោះ ខេ​ម​ភ៍ (Camp Fire) បាន​ផ្ដាច់ជីវិត​មនុស្ស​យ៉ាងហោច ៨៥​នាក់ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។ រដ្ឋបាល​លោក ចូ បៃ​ដិ​ន កាលពីពេល​ថ្មីៗ​នេះ ក៏បាន​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ ដើម្បី​ទប់ទល់​ភ្លើង​ឆេះ​ព្រៃ​នៅតាម​បណ្តា​រដ្ឋ ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​រួចហើយ​ដែរ ដោយ​លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​ព្រមាន​ថា ភ្លើង​ឆេះ​ព្រៃ​ក្នុងឆ្នាំនេះ អាច​នឹង​អាក្រក់​ជាង​ឆ្នាំមុនៗ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close