ព្រឹទ្ធសភា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្ត្រីសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពដទៃ ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភាដទៃ សំដៅលើកកម្ពស់ការអនុវត្តមុខងាររបស់សភា ។
ការចុះអនុស្សរណៈនេះមានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ ក្នុងភាពជាដៃគូរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងការពង្រឹងសមត្ថភាពដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភា ជាអាទិ៍ ជំនាញស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើព័ន្ធ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់/សេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភាផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិកា និងសិក្ខាសាលាលើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសម្តែងអំណរគុណដល់វិទ្យាស្ថានសភាកម្ពុជា (PIC) ដែលបានសហការជួយគាំទ្រដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សរបស់សភាកម្ពុជា និងសភាតំបន់កន្លងមក។បន្ទាប់មក ឯកឧត្តមអគ្គលេខាធិការទាំងពីរក៏បានសម្តែងនូវការអបអរសាទរចំពោះការវិវត្តរបស់វិទ្យាស្ថានសភាកម្ពុជា ទៅជាមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមចំណែកដល់ការជួយគាំទ្រដល់ការពង្រឹកសមត្ថភាពមន្ត្រីសភាកម្ពុជានិងសភាតំបន់ ។ អគ្គលេខាធិការដ្ឋាននៃសភាកម្ពុជា មានសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យសភាកម្ពុជាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមួយមជ្ឈមណ្ឌលសភាអាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់មន្ត្រីសភាកម្ពុជា និងសម្រាប់ការអនុវត្តសកម្មភាពនានា ក្នុងការផ្លាស់ប្តូរចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភា។
ឱកាសនោះ លោក គឹម យាត ដារ៉ារិទ្ធ បានបង្ហាញនូវការតាំងចិត្តរបស់មជ្ឈមណ្ឌលសភាអាស៊ី ក្នុងការចូលរួមជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់សភាកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានជួយគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយសភាអាស៊ី។ ជោគជ័យ និងសមិទ្ធផលរបស់វិទ្យាស្ថានសភាកម្ពុជាដែលសម្រេចបានកន្លងមក ក៏ដូចជាការវិវត្តរបស់វិទ្យាស្ថានពីអង្គការកម្រិតជាតិ ទៅជាអង្គការកម្រិតតំបន់ ដោយសារមានការជួយគាំទ្រពីសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានសភាកម្ពុជា ព្រមទាំងពីសំណាក់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA) ក៏ដូចជាការគាំទ្របន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។