សម្តេច ហ៊ុន សែន ដក​តំណែង​លោក ឌុច សុវណ្ណរី ពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយប្រមាថថ្នាក់ដឹកនាំខ្លួន

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅថ្ងៃនេះបានប្រកាស​ជា​សាធារណៈ​អំពី​ការដកតំណែង លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា ​និង ​អធិការកិច្ច​ ក្រោមហេតុផលា​លោក​មិន​ស័ក្ដិ​សមជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌​។​

​សម្តេច​តេ​ជោ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនៅរសៀលថ្ងៃទី១៦ខែកក្កដានេះ​ថា “​ខ្ញុំ​បាន​ចូលរួម​រំលែក​ទុក្ខ​តាមរយៈ​លោកជំទាវ ម៉ែន សំអន ចំពោះ​មរណភាព​បង ហុង ថែម​ដែលជា​មន្ត្រី​មួយរូប​បានរួម​ចំណែក​កសាង​ប្រទេស​តាំងពី បាតដៃ​ទទេ​នា​ឆ្នាំ​១៩៧៩​។​​ខ្ញុំ​មិន​នឹកស្មាន​ដល់​សោះ​ថា​ខ្ញុំ​មាន​មន្ត្រី​មួយរូប​ថ្នាក់​រដ្ឋលេខាធិការ​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល​​ចំពោះ​សព សូម្បីតែ​លោកជំទាវ​ម៉ែន សំអន ​សុំឱ្យ​ដកចេញ​ក៏​មិន​ព្រម​ដក​ដែរ​”​។​

សម្តេច​បានបញ្ជាក់​នៅ​ឃ្លា​ចុងក្រោយ​ថា​”​ខ្ញុំ​មិនអាច​ទុកលោក ឌុ​ច សុ​វណ្ណា​រី ឱ្យនៅ​ជា​រដ្ឋលេខាធិការ​ក្រសួង​បាន​តទៅទៀត​ទេ គឺ​ត្រូវ​ដកចេញ​ពី​តំណែង ​ព្រោះ​លោក​មិន​ស័ក្ដិ​សមជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌​”។

សូម​បញ្ជាក់ថា ក្រោយ​មរណភាពរបស់លោក ហុង ថែម, លោក ឌុច សុវណ្ណារី បានបង្ហោះសារនៅលើហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close