សម្តេច ហ៊ុន សែន ព្រមាន​ប្តឹង​លោក គឹម សុខ ដាក់ពន្ធនាគារ​វិញ បើ​មិន​សង​ប្រាក់​សំណង​៨០០​លាន​រៀល​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​

​ការព្រមាន​ប្តឹង​អ្នកវិភាគ​សង្គម​រិះគន់​មិន​សំចៃមាត់​លោក គឹម សុខ ដាក់ពន្ធនាគារ​វិញ​នេះ បានធ្វើ​ឡើង​ក្នុងពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី មកពី​រោងចក្រ សហគ្រាស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ព្រឹក​មិញ​នេះ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ថ្លែងថា លោក គឹម សុខ បាន​ចេញពី​ពន្ធនាគារ​ដោយសារ​ការអនុវត្តន៍​ទោស​រួចរាល់​នៅក្នុង​ពន្ធនាគារ មិនមែន​ជាការ​រួច​ទោស​ដោយសារ​ការ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នោះឡើយ​។ ដូច្នេះ​ប្រាក់​សំណង​ដែល​តុលាការ​តម្រូវ​ឲ្យ​សង​ដើមបណ្តឹង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ ៨០០​លាន​រៀល​នោះ គឺ​នៅតែ​ត្រូវ​សង​ដដែល​មិនបាន​រលាយ​ដូច​អ្នកទោស​ដទៃ​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​នោះឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អ្នក​រួច​ទោស​តាមរយៈ​ការសុំ​លើកលែងទោស​របស់​នាយ​ក​រដ្ឋមន្ដ្រី ថ្វាយ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស សំណង​ទាំងឡាយ​មិនត្រូវ​បាន​សង​ទេ ក៏ប៉ុន្ដែ​ផ្ទុយទៅវិញ អ្នក​រួច​ទោស​ដោយ​សាលក្រម​ផុតរលត់ ត្រូវតែ​សងលុយ​ជំពាក់​គេ​”​។​

​សម្ដេចនាយក​រដ្ឋមន្ដ្រី បន្ដថា “​អ៊ីចឹង​នរណា​ដែល​រួច​ទោស​បែបនេះ គណបក្ស​ប្រជាជន​ត្រូវគេ​ជំពាក់ ៨០០​លាន​រៀល អ៊ីចឹង​ត្រូវ​រកលុយ​សង បើ​មិន​សងលុយ​ទេ​ប្រហែលជា​ចូល​គុក​វិញ ព្រោះ​អ្នកឯង​មិន​សងលុយ​។ អ្នកឯង​ជាប់ទោស​រួច​តែ​ទោស​ទេ ប៉ុន្ដែ​លុយ​ត្រូវ​សង បើ​ករណី​លើកលែងទោស​អាហ្នឹង​ត្រូវ​រួច​ទាំងអស់ អ៊ីចឹង​ត្រូវ​បែងចែក​គ្នា​ឲ្យ​ច្បាស់​”​។​

​សូម​រំលឹកថា លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​អនុវត្ត​ទោស​ចប់សព្វគ្រប់ ពោល​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ១៨​ខែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close