សំបុកសត្វក្រៀលទី១ រកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ក្នុងរដូវកាលពងកូន ឆ្នាំ២០២១
ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ សំបុកសត្វក្រៀលទីមួយត្រូវបានរកឃើញដោយក្រុមការងារសិក្សាជីវចម្រុះនៃអង្គការBirdLifeនាដែនជម្រកសត្វព្រៃលំផាត់កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ដោយមានស៊ុតចំនួន ០២។ នេះជាសំបុកទីពីរដែលបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងរយ:ពេលបីឆ្នាំចុងក្រោយនេះ ដោយសំបុកទី១ ត្រូវបានរកឃើញកាលពីឆ្នាំ ២០១៩ ហើយទទួលបរាជ័យដោយសារការមានការចូលលួចស៊ុតពីសំបុក។
ក្រោយពីបានរកឃើញបុគ្គលិកទីវាលរបស់យើងបានធ្វើការអង្កេតតាមដានជាប្រចាំនិងសំរេចចិត្តជួលសមាជិកសហគមន៍ធ្វើការយាមសំបុកប៉ុន្តែគួរអោយសោកស្តាយថ្ងៃដែលសហគមន៍ចាប់ផ្តើមយាម សំបុកក្រៀលនេះត្រូវក៏ត្រូវបានបរាជ័យដោយមានឃើញបំណែកសំបកពង និងសំបុកស្ថិតក្នុងសភាពបំផ្លាញ។ តាមការពិនិត្យទៅលើស្ថានភាពសំបុក និងបរិវេនជុំវិញ ក្រុមការងារបានសន្និដ្ឋានថា សំបុកក្រៀលនេះបរាជ័យដោយសារសត្វជ្រូកព្រៃចូលស៊ីពង ដោយសារឃើញមានដានជ្រូកឈ្មូសនៅក្បែរសំបុក។
វាលស្មៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកពងកូនយ៉ាងសំខាន់របស់សត្វក្រៀល ក៏ប៉ុន្តែក៏ជាទីតាំងដែលមានហានិភ័យខ្ពស់អាស្រ័យដោយការកើនឡើងនូវកត្តារំខាន។ អង្គការBirdLife និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់នៃមន្ទីរបរិស្ថានខេត្តរតនគិរីនិងមន្ទីរបរិស្ថានមណ្ឌលគិរីកំពុងប្រឹងប្រែងការពារទីជម្រកទាំងនេះយ៉ាងសកម្ម សូមចូលរួមការពារសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជរបស់យើងទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។