រដ្ឋមន្រ្តីកសិកម្មថា រឿងបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ អត់ពាក់ព័ន្ធជាមួយក្រសួងទេ

រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩កក្កដា នេះថា ការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ មិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្មទេ ។

លោករដ្ឋមន្រ្តីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មួយរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បជាហេតុធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមការបញ្ជាក់របស់លោក វេង សាខុន ថា ការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ វាជាសមត្ថកិច្ចរបស់​ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទគ្រាន់តែបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close