ព្យុះមួយ​នឹង​មាន​ឥទ្ធិពល​មក​លើប្រទេស​កម្ពុជា ធ្វើ​ឲ្យ​មានភ្លៀងធ្លាក់ខ្លាំង និង​ខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី២២ កក្កដា

តាម​សេចក្តីជូនដំណឹង​ថ្មី​មួយ​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី១៩​ កក្កដានេះ បានបញ្ជាក់ថា នៅព្រឹកមិញនេះ វិសម្ពាធមួយ​ដែលស្ថិ​ត​នៅក្នុង​សមុទ្រចិនគៀកនឹងហុងកុង បានបង្កើន​ឥទ្ធិពល​ទៅ​ជា​កូនព្យុះទី៧ ឈ្មោះ សេមប៉ាកា នៅ​ភាគ​ខាង​លើ​សមុទ្រចិន​ខាងត្បូង ហើយ​នឹង​ធ្វើដំណើរ​ឆ្ពោះចូលទៅភាគ​ខាងត្បូង​ប្រទេសចិន។

យោង​តាម​ការ​ព្យាករ ជ្រលង នៃកូនព្យុះ សេមប៉ាកា រួម​ជាមួយ​ខ្យល់មូសុងនិរតីខ្លាំង ដោយ​ភ្ជាប់ជាមួយ​ប្រព័ន្ធ​សម្ពាធទាប ITCZ នឹង​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ កក្កដា ដោយ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់វាលទំនាប អាច​មាន​ភ្លៀងធ្លាក់រាយប៉ាយពីបង្កយរ​ទៅច្រើន លាយ​ឡំជាមួយ​ខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង។

សម្រាប់បណ្តា​ខេត្ត​នៅ​តាម​តំបន់​ដង​ទន្លេ​មេគង្គ ជួរភ្នំដងរែក និង​ជួរភ្នំក្រវាញ នឹង​អាច​មាន​ភ្លៀងធ្លាក់​ពីបង្គួរ ទៅច្រើន លាយឡំជាមួយ​ខ្យល់កន្រ្តាក់ក្នុងកម្រិតខ្លាំង។

ដោយ​ឡែក​តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ​ទៅច្រើន ដែលនឹងអាច​បង្កជា​ជំនន់ទឹកភ្លៀង​នៅ​ក្នុង​ភូមិ​សាស្រ្តខេត្តព្រះសីហនុ និង​ខេត្តកោះកុង ចំណែក​នៅលើផ្ទៃសមុទ្រ នឹង​អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និង​រលកសមុទ្រខ្ពស់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close