ជនបរទេសទាំងអស់ នៅខេត្តសៀមរាប ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនគិតថ្លៃ
ខេត្តសៀមរាប៖ លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកឱសថការី លឹម ហេង មានប្រសាសន៍បន្ថែមថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសនាពេលនេះ គឺផ្តល់ជូនដល់តែចំពោះជនបរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាបនារយៈពេលកន្លងមក ដែលមានចំនួនប្រមាណជាង២ពាន់នាក់ ពិសេសគឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
គួររំលឹកថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធ ដែលមានដូចជា៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១) ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណង ចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃ ប្រសិនបើមាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។