ចិនផ្ដល់ជំនួយជាង២លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសម្រេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២លាន៥សែនដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកថា ជំនួយនោះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។
បើតាមលោក ហេង រតនា គម្រោងនោះ មានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចម្ការមីននិងចម្ការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១ពាន់៧០០ហិកតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនចំនួន៧ខេត្ត។
សូមបញ្ជាក់ថា រយ:ពេល៦ខែ ឆ្នាំ២០២១មកនេះ គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូចឆ្នាំ២០២២ដែរនោះ និងបាន រំដោះដីចម្ការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ពាន់៨៣ហិកតា ដោយរុករកឃើញកំទេចគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥ពាន់គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។