ឯកឧត្ដម ស៊ុន ចាន់ថុល ចុះពិនិត្យគម្រោងផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានចុះពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរដោយ ថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ។
ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវសម្រាប់អ្នកធ្វើដំណើរ ដោយថ្មើរជើង ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិនិងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស សក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប និងពិនិត្យ គុណភាពនៃការចាក់បេតុងស្ពាននិងផ្លូវ ដើម្បីធានាបានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិក ក្នុងនោះចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦.៣៤% ប្រើប្រាស់រយៈពេលសាង សង់ចំនួន៧ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។