ឆេះទូក​នៅកោះរ៉ុង ស្លាប់​ម្នាក់ និង១០នាក់ទៀត​ជួយសង្រ្គោះទាន់

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីវេលាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២១នេះ មានករណីទូកដឹកបន្លែមួយគ្រឿងបានឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយ​បានបណ្តាលឲ្យស្លាប់ម្នាក់ ខណៈមនុស្សចំនួន១០នាក់ផ្សេងទៀត ក្នុងនោះមានក្មេងតូចៗចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះទាន់។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មានក្នុងស្រុកថា នៅវេលាម៉ោង ១០ និង​២០នាទីព្រឹកមិញ មានករណីឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ១៣ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម។

លោកបញ្ជាក់ថា ករណីនេះបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ ហ៊ីង ស្រស់ អាយុ៥០ឆ្នាំស្លាប់ ខណៈ១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល តែបានបណ្តាលឲ្យរងបួសមនុស្សចំនួន០៦នាក់ផងដែរ។

បើតាមអ្នកបើកទូក នៅលើទូករបស់ខ្លួនមានដឹកមនុស្សចំនួន១១នាក់ (ស្រី០៥នាក់) បានចេញដំណើរពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ទៅផែ៥២ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេងប៉ះនឹងបំពង់ស៊ីម៉ំាងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លើងឆាបឆេះ រួចលិចតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close