មហាសេដ្ឋីអាម៉ាហ្ស៊ូនជិះយានអវកាសឡើងទៅកាន់លំហរអាកាសផែនដីហើយចុះចតវិញដោយជោគជ័យ
គម្រោងឡើងទៅកាន់លំហរអាកាសរបស់មហាសេដ្ឋិពិភពលោក ទទួលបានជោគជ័យ ដោយកាលពីថ្ងៃទី ២០ខែកក្កដា លោក Jeff Bezos មហាសេដ្ឋីអាម៉ាហ្ស៊ូន បានឡើងទៅកាន់លំហរអាកាសផែនដី ក្លាយទៅជាមហាសេដ្ឋីទីពីរហើយនៅលើពិភពលោក ដែលបានធ្វើដំណើរទៅទីអវកាសដោយប្រើយានផ្ទាល់ខ្លួន។
សារព័ត៌មាន AP បានផ្សាយថា លោក Jeff Bezos ធ្វើដំណើរទៅកាន់ទីអវកាសជាមួយសមាជិកដែលបានជ្រើសរើស ក្នុងនោះមាន បងប្រុសរបស់លោក Mark Bezos និស្សិតអាយុ១៨ឆ្នាំជនជាតិហុល្លង់ Oliver Daemen និងលោក Wally Funkអាយុ៨២ឆ្នាំរស់នៅរដ្ឋតិចសាស ។ អ្នកឡើងទៅពេលនេះមានមនុស្សវ័យក្មេងបំផុតនិងចាស់បំផុត។ និស្សិតវ័យ១៨ឆ្នាំជាអាតិថជនដំបូង ដែលបានបង់លុយទៅឲ្យក្រុមហ៊ុនដើម្បីឡើងទៅកាន់ទីអវកាស។
ក្រោយរយៈពេលធ្វើដំណើរ ១០ នាទីហើយចុះចតដល់ផែនដីវិញ មហាសេដ្ឋី Jeff Bezos បានលើកឡើងថា «ជាពេលវេលាអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក»។
គូប្រជែងរបស់មហាសេដ្ឋីអាម៉ាហ្ស៊ូន គឺមហាសេដ្ឋី Richard Branson របស់ក្រុមហ៊ុន Virgin Galactic បានទៅកាន់ទីអវកាសដោយជោគជ័យមុនមហាសេដ្ឋីអាម៉ាហ្ស៊ូន ៩ថ្ងៃ។ លោក Jeff Bezos បញ្ជាក់ថា នេះមិនមែនជាការប្រកួតប្រជែងនោះឡើយ គឺជាការកសាងផ្លូវឡើងទៅកាន់ទីអវកាសដើម្បីជំនន់ក្រោយ ធ្វើបានល្អជាងនេះ។
យានអវកាស Blue Origin បានឡើងកម្ពស់ពីផែនដី ១០៦ គីឡូម៉ែត្រ គឺខ្ពស់ជាង ដំណើរទៅទីអវកាសរបស់លោក Branson កាលពីថ្ងៃទី១១ខែកក្កដា ។ រ៉ុក្កែតរ៉ុញ កម្ពស់១៨ម៉ែត្របញ្ជូនយានអវកាស ក្នុងល្បឿនលឿនជាងសំលែង៣ដង ហើយក៏ផ្តាច់ខ្លួនចេញពីយាន ចុះចតនៅផែនដោយជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។