ផ្ទះជាង ១ពាន់ខ្នង ត្រូវខ្យល់កន្ត្រាក់វាយប្រហារឲ្យខូចខាត ត្រឹមរយៈពេល២០ថ្ងៃ ក្នុងខែនេះ
ភ្នំពេញ៖ យ៉ាងហោចណាស់មានផ្ទះចំនួន ១៤៣ខ្នង បានរលំ និង១,១៩៨ខ្នងទៀត បានរបើកដំបូល ដោយសារខ្យល់កន្ត្រាក់ ក្នុងរយៈពេល២០ថ្ងៃ នៃដើមខែកក្កដា ឆ្នាំ២០២១ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ស្ដីពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលកើតឡើងក្នុងរយៈពេល២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១។
ឯកឧត្តម បានបញ្ជាក់ថា ឈានចូលខែកក្កដា ឆ្នាំ២០២១នេះ ព្យុះក្នុងតំបន់ និងប្រព័ន្ធសម្ពាធទាប បានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់កម្ពុជា ដោយ មានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយកន្លែ ង។
ក្នុងរយៈពេល ២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ ខ្យល់កន្ត្រាក់ បានកើតឡើង ២២លើក ក្នុង ១៤រាជធានី-ខេត្ត ដែលបានបណ្តាលឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ ១៤៣ខ្នង របើកដំបូល និងខូចខាតមធ្យម ១,១៩៨ខ្នង និង របួសមនុស្ស ៣នាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្ស ៤នាក់ និងរបួស ១នាក់។
ជាមួយគ្នា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការឆ្លើយតបគ្រោះមហន្តរាយក្នុងរដូវវស្សានេះ បានធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប ទឹកជំនន់ឆ្នាំ២០២១ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។