WHO ព្រមានថា វីរុសកូវីដបម្លែងថ្មី Delta នឹងរាតត្បាតពាសពេញពិភពលោក
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថា វីរុសកូវីដ១៩បម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយវាត្រូវបានក្រុមអ្នកជំនាញអន្តរជាតិជឿជាក់ថា មានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យអ្នកឆ្លងជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់នោះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវីរុសរាតត្បាតពាសពេញពិភពលោកនៅប៉ុន្មានខែទៀតប៉ុណ្ណោះ ។
បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសកូវីដ១៩បម្លែងថ្មី Delta បច្ចុប្បន្ននេះ វាត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីសរុបចំនួន១២៤រួចទៅហើយ ពោលគឺកើនឡើងចំនួន១៣បន្ថែមទៀត បើធៀបនឹងសប្តាហ៍មុន ។
ហើយរហូតមកទល់ពេលនេះ ប្រទេសធំៗក៏កំពុងតែរាយការណ៍អំពីការរាតត្បាតវីរុសនេះយ៉ាងគំហុកផងដែរ ដោយស្ថិតនៅក្នុងអត្រាលើស២ភាគ៣នៃករណីឆ្លងថ្មីៗ ។
គួរកត់សម្គាល់ វីរុសបម្លែងថ្មីចំនួនបីទៀត គឺ Alpha ដែលមានប្រភពដើមនៅអង់គ្លេសត្រូវបានបានរកឃើញនៅ១៨០ប្រទេស និង ដែនដី វីរុសបម្លែងថ្មី Beta ដែលមានប្រភពដើមនៅអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅ១៣០ប្រទេស និង ដែនដី ហើយវីរុសបម្លែងថ្មី Gamma ដែលប្រភពដើមនៅប្រេស៊ីលត្រូវបានរកឃើញនៅ៧៨ប្រទេស និងដែនដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។