វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់ករណី គិតត្រឹមយប់ម្សិលមិញ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន៣ពាន់១៩៩ករណីបន្ថែមទៀតកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ធ្វើអោយចំនួនករណីឆ្លងសរុបប្រចាំថ្ងៃឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី៦ពាន់១៦៤ករណី ។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មានករណីឆ្លងចំនួន១ពាន់៧៨៥ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ៦១៥ករណីនៅទីក្រុង Binh Duong ១៥៧ករណីនៅទីក្រុង Dong Nai ១៩៩ករណីនៅទីក្រុង Long An និង ៦៣ករណីនៅទីក្រុង Ba Ria-Vung Tau ។
គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន៧ម៉ឺន៦២១ករណីនៅក្នុង៦១ខេត្ត-ក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ ខែមេសាមក ។ ដោយឡែកអ្នកជំងឺចំនួន១ពាន់៤៥០នាក់បានជាសះស្បើយ ហើយអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយធ្វើអោយចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនឡើងដល់១ម៉ឺន៣ពាន់៤២១ករណី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។