នាយករដ្ឋមន្ត្រី ស្នើព្រះមហាក្សត្រដាក់នាយឧត្តមេសនីយ៍នគរបាលជាន់ខ្ពស់ចំនួន១០រូប ឲ្យចូលនិវត្តន៍ តែងតាំងតំណែងថ្មី៣រូប
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំដាក់នាយឧត្តមសេនីយ៍នគរបាលជាន់ខ្ពស់ ចំនួន១០រូបឲ្យចូលនិវត្តន៍។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា នាយនគរបាលជាន់ខ្ពស់ទាំង១០រូបរួមមាន៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន, នាយឧត្តមសេនីយ៍ សុខ ផល, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា, នាយឧត្តមសេនីយ៍ ថោង សំអាត, នាយឧត្តមសេនីយ៍ ផាង ពៅ, នាយឧត្តមសេនីយ៍ មួន សារ៉ន, នាយឧត្តមសេនីយ៍ សួស អង្គារ៍, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ, នាយឧត្តមសេនីយ៍ ឯម សំណាង និងនាយឧត្តមសេនីយ៍ លី គឹមឡុង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហានេះ បានទូលថ្វាយស្នើសុំព្រះមហាក្សត្រ ដោះដូរនាយឧត្តមសេនីយ៍នគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍, អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។
មន្ត្រីជាន់ខ្ពស់ទាំង៣នោះរួមមាន៖១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។