ពលរដ្ឋ នៅ​ខេត្ដ​ឧត្ដរមានជ័យ និង​ខេត្ដ​បន្ទាយមានជ័យ ទទួលផល​អនុផល​ព្រៃឈើ ពី​តំបន់​ដែន​ជ​ម្រ​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​

​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្ដ​ឧត្ដរមានជ័យ និង​មួយចំនួនទៀត​មកពី​ស្រុក​ថ្មពួក​ខេត្ដ​បន្ទាយមានជ័យ ចាប់ផ្តើម​ទទួលផល​អនុផល​ព្រៃឈើ​ពី​ក្នុង​តំបន់​ដែន​ជ​ម្រ​សត្វព្រៃ​សង្ឃ​រុក្ខា​វ័ន ដែលមាន​ការគ្រប់គ្រង ដោយ​សហគមន៍​សង្ឃ​រុក្ខា​វ័ន និង មន្ទីរ​បរិស្ថាន​ខេត្ដ​ឧត្ដរមានជ័យ អនុផល​ព្រៃឈើ​ទាំងនោះ​រួមមាន ផ្សិត​ក្ងោក ផ្សិត​ទន្សោង និង​មាន​ផ្សិត​ផ្សេងៗ​ជាច្រើន​ទៀត ដែល​ចាប់ផ្តើម​ដុះ​នៅក្នុង​ខែកក្កដា​នេះ រហូតដល់​ចុងខែ​សីហា​ខាងមុខ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ឧត្ដរមានជ័យ បានឱ្យដឹងថា​ដោយសារតែ​តំបន់​នេះ​ជា​តំបន់​ដែល​ត្រូវបាន ការពារ និង អភិរក្ស​ធនធានធម្មជាតិ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលមក​ប្រមូល​ផល​ផ្សិត​ទាំងនេះ គឺ​ត្រូវ​ទទួលបាន​ការអនុញ្ញាត​ត្រឹមត្រូវ និង​ត្រូវ​ទទួលបាន​នូវ​ការការពារ​សុវត្ថិភាព​ពី​ក្រុម​ឆ្មាំ​ការពារ​ព្រៃ​ផងដែរ​។

​លោក​លើកឡើងថា កិច្ចការពារ​អភិរក្ស និង​ថែរក្សា​ធនធានធម្មជាតិ វា​ច្បាស់​ណាស់ អនុផល​ព្រៃឈើ​ដ៏​សម្បូណ៌​បែប វា​នឹង​ប្រាកដ​កើតឡើង​។ ដោយ​កាលពី​ឆ្នាំមុន ប្រជាពលរដ្ឋ​ទទួលបាន​ផល​ផ្សិត​ប៉ក់ ដែល​លក់បាន​តម្លៃ​ថ្លៃ ចំណែក​ផ្សិត​ក្ងោក ផ្សិត​ទន្សោង ផ្សិត​ធ្យូង និង​ផ្សិត​ផ្សេងៗ​ទៀត ប្រជាពលរដ្ឋ​ជុំវិញ​តំបន់​នោះ ក្រៅពី​ទុក​សម្រាប់ធ្វើ​ម្ហូប ពួកគាត់​អាច​ទុក​សម្រាប់​លក់​អោយ​ឈ្មួញ​ដែក​មក​ប្រមូល​ទិញ ដល់​ភូមិ​របស់​ពួកគាត់​ផងដែរ​។

​ប្រជាពលរដ្ឋ​ដែល​បាន​ចូលមក​ប្រមូល​ផល​ផ្សិត​នៅក្នុង​ព្រៃ​នោះ ពួកគេ​ក្នុង​ម្នាក់ៗ អាច​ដក​ផ្សិត​បាន​ពី ៥​ដល់​១០​គីឡូក្រាម តាម​ស្ថានភាព​ជាក់ស្តែង ព្រោះ​ការប្រទះឃើញ​ផ្សិត​នៅក្នុង​ព្រៃ​នេះ វា​ផ្អែកទៅលើ​របប​ទឹកភ្លៀង​ផងដែរ​។ ពួកគាត់​និយាយថា បើសិនជា​រក​ផ្សិត​បាន​តិច គឺ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ ហើយ​បើ​រកបាន​ច្រើន គឺ​ទុក​សម្រាប់​ហូប​ខ្លះ និង​សម្រាប់​លក់​ខ្លះ ដោយ​លក់បាន​ក្នុង​១​គីឡូក្រាម​បាន​ចន្លោះ​ពី ១៥០០០ រៀល ទៅ​២០០០០​ម៉ឺន​រៀល​។ ពួកគាត់​រីករាយ​ក្នុង​ប្រមូល​ផល​ផ្សិត ហើយ​ការដើរ​ប្រមូល​ផ្សិត​នេះ​ពុំមែន​ដោយសារតែ​ភាពក្រីក្រ​បង្ខំ​ឱ្យ​ពួកគាត់​មក​បេះ​ផ្សិត​នោះទេ តែ​ជា​ប្រពៃណី​ប្រចាំ​រដូវ ដែល​ពួកគាត់​ត្រូវ​ចូលមក​ប្រមូល​ផល​នៅក្នុង​ព្រៃ​នេះ​។

​យ៉ាងណាក៏ដោយ អនុផល​ព្រៃឈើ​បាន​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​ពួកគាត់ ហើយ​ពួកគាត់​ក៏​ទទួលស្គាល់​ដែរ​ថា ការចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​ព្រៃឈើ បានល្អ​ទើប​ពួកគាត់​ទទួលផល​ដូច​សព្វថ្ងៃនេះ​។ មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ ទើប​ធនធានធម្មជាតិ​របស់​ហើយ នៅ​គង់វង្ស និង​ផ្ដល់​ផល អោយ​យើង​បាន​រហូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close