ខេត្តសៀមរាប ប្រកា​សមាន​អ្នកស្លាប់​៣​នាក់​ទៀត ខណៈ​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី ៩៨​នាក់​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ៩៨​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ​៣​នាក់ បាន​ស្លាប់ និង​ជាសះស្បើយ ៧១​នាក់ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​។​

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត បានឱ្យដឹងថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​រកឃើញ​ថ្មី​នេះ ករណី​ទី​១ ដល់ទី​៥ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី​, ករណី​ទី​៦ ដល់ទី​១៨ គឺជា ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក និង​ករណី​ទី​១៩ ដល់ទី​២២ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញ ពី​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។​

​ករណី​ទី​២៣ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកជំងឺ​ឈ្មោះ លាស់ ហេង​, ករណី​ទី​២៤ ដល់ទី​២៧ គឺជា​ករណី​មាន​ប្រភព​ចម្លង​ពី​អ្នកដំណើរ​មកពី​រាជធានី ភ្នំពេញ ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ និង​ករណី​ទី​២៨ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី ខេត្តបាត់ដំបង​។​

​រីឯ​ករណី​ទី​២៩ ដល់ទី​៣៤ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង ច្បាស់លាស់​នៅឡើយ​។ ចំពោះ​ករណី​ទី​៣៥ ដល់ទី​៩៨ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់ ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​ដោយឡែក​អ្នកជា​សះស្បើយ​ទាំង ៧១​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​គឺ ទី​១.​បុរស អាយុ​៨២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ ស្វាយ ខេត្តកំពង់ធំ​, ២.​ស្ត្រី អាយុ​៥៧​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ទម្រឹង ឃុំ​រើ​ល ស្រុក​ពួក ដែល វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ និង​ទី​៣. បុរស អាយុ​៧៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ថ្មី ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។​

​សូមបញ្ជាក់ថា មកដល់ពេលនេះ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន ៤,០២០​នាក់​។ ក្នុងនោះ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២,០៩៥​នាក់ ស្លាប់ ៤៥​នាក់ និង ១,៨៨០​នាក់ កំពុង​សម្រាក​ព្យាបាល​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close