ដើម្បីកុមារអាចចាក់វ៉ាក់សាំងកូវីដ១៩បាន តើអាណាព្យាបាលត្រូវមានឯកសារអ្វីខ្លះ?
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល គ.វ.ក-១៩ នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។
ដើម្បីឲ្យកុមារ និងយុវវ័យអាចចាក់វ៉ាក់សាំងបាន តើអាណាព្យាបាល ត្រូវមានឯកសារអ្វីខ្លះ?
តាមរយៈកិច្ចសំភាសន៍រវាងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយទូរទស្សន៍ BTV បានឲ្យដឹងថា ឯកសារចាំបាច់ ដែលអាណាព្យាបាលត្រូវមានពេលនាំកូន ក្មួយ និងចៅ សម្រាប់យកទៅបង្ហាញពេលចាក់វ៉ាក់សាំងរួមមាន៖
+ ទី១ សំបុត្រកំណើត ដើម្បីកំណត់ឲ្យបានត្រឹមត្រូវនូវអាសយដ្ឋាន និងអាយុពិតប្រាកដរបស់កុមារ
+ ទី២ ប្រសិនបើមិនមានសំបុទ្រកំណើតទេ ក៏អាចមានជា passport ក៏បានដែរ
+ ទី៣ បើមិនមាន passport ទេ គឺអាចសៀវភៅគ្រួសារ ជាទូទៅក្រុមគ្រួសារនីមួយៗតែងតែមានសៀវភៅគ្រួសារ។ នេះគឺជាឯកសារគតិយុត្តិ ដែលតម្រូវឲ្យបងប្អូនដែលនាំកូន ក្មួយ ចៅ ទៅចាក់វ៉ាក់សាំង គឺកាន់យកទៅជាមួយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។