សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកា ១០លានរៀលទៀត ជូនអ្នកចាក់វ៉ាក់សាំងទី៧លាននាក់ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ៖ តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។
សូមអបអរសាទរចំពោះលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន ។
ជាមួយនឹងការប្រកាសផ្ដល់ថវិកាចំនួន១០លានរៀលនិងសម្ភារផ្សេងទៀតរបស់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះលោកយាយ ចាន់ ឃីម ដែលជាជនចាក់វ៉ាក់សាំងទី៧លាននាក់នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប តាមរយៈបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្ដមផ្ទាល់ បានថ្លែងអំណរគុណ សម្តេចនាយករដ្ឋមន្ត្រី ដែលបានឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត តាមរយៈលោកជំទាវ ឱ វណ្ណឌីន ជូនលោកយាយចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។
ឯកឧត្ដមអភិបាលខេត្តសៀមរាប ក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកយាយចាន់ ឃីម ដែលបានស្ម័គ្រចិត្តទទួលបានការចាក់វ៉ាក់សាំង និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើនជៀសផុតពីជំងឺទាំងពួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។