អាជ្ញាធរ​ខេត្តសៀមរាប ដាក់​ឃុំ​កំពង់​ឃ្លាំង ជា​តំបន់​ក្រហម និង​តំបន់​លឿងទុំ​២​ឃុំ​ទៀត នៃ​ស្រុក​សូទ្រនិគម​

ខេត្តសៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី​២៩ កក្កដា បានចេញ​សេចក្ដីសម្រេច ដោយ​កំណត់​យក​ឃុំ​កំពង់​ឃ្លាំង ជា​តំបន់​ក្រហម និង​ឃុំ​២​ទៀត​នៅជាប់​នោះ គឺ​ឃុំ​កៀន​សង្កែ និង​ឃុំ​ដាន​រុន នៃ​ស្រុក​សូទ្រនិគម ជា​តំបន់​លឿងទុំ​។​

​ភូមិសាស្ដ្រ​ខាងលើ​ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម និង​លឿងទុំ រយៈពេល​២​សប្ដាហ៍ រាប់​ចាប់ពី​ថ្ងៃទី​យប់​ថ្ងៃទី​២៩ ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១​។ អាជ្ញាធរ​បញ្ជាក់ថា ការសម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​ខាងលើនេះ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ចំពោះ​តំបន់​ក្រហម អាជ្ញាធរ​ហាម​ពលរដ្ឋ​ទាំងអស់​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​។ សកម្មភាព​ដែល​អាច​អនុញ្ញាត រួមមាន ធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក ឬ​ចាក់​វ៉ាក់សាំង ក្នុង​តំបន់​ក្រហម ដោយមាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​។ ក្នុងនោះ ការធ្វើដំណើរ​របស់​ម​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវមាន​លិខិត​បញ្ជា​បេសកកម្ម​។​ល​។​

​ក្រៅពី​តំបន់​ស្រុក​សូទ្រនិគម ក្នុង​សេចក្ដីសម្រេច​មួយ​ដោយឡែក​ទៀត រដ្ឋបាលខេត្ត​ក៏​សម្រេច​ដាក់​សង្កាត់​ចំនួន​៤​ក្នុង​ក្រុង​សៀមរាប ជា​តំបន់​លឿងទុំ​ផងដែរ​។ សង្កាត់​ទាំងនោះ​មាន សង្កាត់​ស្លក្រាម ស្វាយដង្គំ សាលា​កំរើក និង​សង្កាត់​គោកចក​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​អាជ្ញាធរខេត្ត សម្រេច​ដាក់​ឃុំ​កំពង់​ឃ្លាំង​ជា​តំបន់​ក្រហម ដែល​លើក​ទី​១ ធ្វើឡើង​នៅ​ដើមខែ មិថុនា ខណៈដែល​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​គួរឱ្យកត់សម្គាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close