ហ្វីលីពីនត្រឡប់ទៅចាប់ដៃជាមួយអាមេរិកវិញ ក្រោយជួបភាពតានតឹងជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង
ប្រធានាធិបតីហ្វីលីពីន លោកឌុយទែរតេ បានប្តូរចិត្ត ត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀងយោធាជាមួយអាមេរិកឡើងវិញ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន នៅក្នុងឱកាសទស្សនកិច្ចរបស់ប្រមុខការពារជាតិ អាមេរិក លោក ឡយ អូស្តីន នៅទីក្រុងម៉ានីល នៅថ្ងៃសុក្រនេះ។
នៅក្នុងសន្និសីទរួមជាមួយសមភាគីអាមេរិក នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារហ្វីលីពីន លោក Delfin Lorenzana បាននិយាយថា បន្ទាប់ពី ពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេបានប្តូរជំហរ ដោយសម្រេចដកយកមកវិញ លិខិតសម្រាប់កិច្ចព្រមព្រៀងស្តីពីវត្តមានទ័ពអាមេរិកនៅហ្វីលីពីន។
លោកប្រធានាធិបតីឌុយទែរតេធ្លាប់បានប្រាប់អាមេរិក កាលពីខែ កុម្ភៈឆ្នាំមុនថា លោកគ្រោងនឹងបិទបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ពោលគឺ នៅបន្ទាប់ពីលោកឌុយទែរតេ ខឹងរដ្ឋបាលអាមេរិកដែលបដិសេធមិនផ្តល់ទិដ្ឋាការដល់មេប៉ូលិសហ្វីលីពីន ដែលអាមេរិកចោទប្រកាន់ថា មានជាប់ទាក់ទងនឹងសង្រ្គាមបង្ហូរឈាមទៅលើអ្នកជួញដូរថ្នាំញៀន នៅហ្វីលីពីន។
តាមការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន កិច្ចព្រមព្រៀងស្តីពីវត្តមានទ័ពអាមេរិកនៅហ្វីលីពីនបានចាប់មានសុពលភាព ជាផ្លូវការឡើងវិញ។ បង្កើតឡើងនៅឆ្នាំ ១៩៩៨ កិច្ចព្រមព្រៀងស្តីពីវត្តមានទ័ពអាមេរិកនៅហ្វីលីពីន អនុញ្ញាតឲ្យអាមេរិកចូលរួមធ្វើសមយុទ្ធជាមួយហ្វីលីពីន និងផ្តល់ជំនួយយោធាដល់សម្ព័ន្ធមិត្តហ្វីលីពីនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម។
កិច្ចព្រមព្រៀងយោធាអាមេរិកហ្វីលីពីនត្រូវបានគេឃើញថា ជាកំពែងសម្រាប់ទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។ ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកអូស្តីន បានថ្លែងស្វាគមការសម្រេចចិត្តរបស់ប្រធានាធិបតីឌុយទែរតេ។ តាមប្រមុខការពារជាតិអាមេរិក សម្ព័ន្ធភាពអាមេរិក ហ្វីលីពីន ដ៏រឹងមាំ និងខ្លាំង នៅតែដើរតួសំខាន់ សម្រាប់សន្តិសុខ ស្ថិរភាព និងភាពជឿនលឿននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សម្រាប់អ្នកជំនាញ ហ្វីលីពីនបានប្តូរជំហរ លែងដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីវត្តមានទ័ពអាមេរិកនៅហ្វីលីពីន នៅបន្ទាប់ពីហ្វីលីពីនកំពុងជួបភាពតានតឹងជាមួយប្រទេសចិន នៅសមុទ្រចិនខាងត្បូង។
គួររំលឹកថា ពេលជាប់ឆ្នោត ចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ ២០១៦ លោកឌុយទែរតេ ធ្លាប់ព្យាយាមចង់បែរ ដោះដៃចេញពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីងាកទៅរកប្រទេសចិន។ ប៉ុន្តែ នៅក្រោមសម្ពាធក្នុងស្រុក ហើយនិងខឹងប្រទេសចិនដែលនៅតែបន្តរំលោភចូលក្នុងដែនទឹករបស់ហ្វីលីពីន ដូចជា ការបញ្ជូនកប៉ាល់រាប់រយ ទៅបោះយុថ្កាក្នុងតំបន់ទឹកហ្វីលីពីន លោកប្រធានាធិបតីឌុយទែរតេបានប្រកាស ជំហរតឹងរ៉ឹងជាមួយចិន ដោយថា គេមិនអាចចរចា តថ្លៃ អធិបតេយ្យភាពដែនទឹករបស់ហ្វីលីពីននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។