៧ខែ ឆ្នាំនេះ! កម្ពុជា នាំចេញកសិផលបានជាង ៥លានតោន

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលទៅក្រៅប្រទេសមាន បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន។

កសិផលសំខាន់ៗ ដែលបាននាំចេញ មានដូចខាងក្រោម៖
១- ការនាំចេញអង្ករ៖ បរិមាណអង្ករនាំចេញមាន ចំនួន ៣០៩ ៨៦៥តោន មានការថយចុះចំនួន ១១៦ ២០៨តោន (-២៧,២៧%)។
២- ការនាំចេញស្រូវ៖ នាំចេញស្រូវមានចំនួន ២ ០០៨ ២៤១តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ៤៣២ ៦០១,០៨ តោនកើនឡើងចំនួន ១ ១៦៨ ៦៨៦,៨៧តោន ក្នុងនោះមាន៖ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្ស៉ៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម ផលិតផលចំនួន ៦៦មុខផ្សេងទៀត។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ចំពោះតម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃ ក្នុងរយៈពេល៧ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ក្នុងនោះ៖
– ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក
– ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក
– ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។
សម្រាប់ការនាំចេញកសិផលសរុប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។