អាជ្ញាធរមីន បង្ហាញពីការស្រាវជ្រាវគ្រាប់បែកចង្កោម នៅកម្ពុជា

ភ្នំពេញ៖ ការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម គឺជាវិធីសាស្ត្ររួមបញ្ចូលគ្នារវាងការស្រាវជ្រាវមិនបច្ចេកទេស និងការស្រាវជ្រាវបច្ចេកទេស ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រាប់បែកចង្កោមនៅក្នុងប្រទេសកម្ពុជា។ គោលបំណងនៃការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម គឺដើម្បីកំណត់រកទីតាំង គូសផែនទី និងកំណត់តំបន់ដែលមានគ្រាប់បែកចង្កោម។

នៅក្នុងប្រទេសកម្ពុជា គ្រាប់បែកចង្កោមមិនមានកម្រិតគំរាមកំហែងដូចគ្រាប់មីនទេ ហើយគ្រាប់មីនជាធម្មតាអាចផ្ទុះនៅពេលដែលទទួលរងទម្ងន់ពីមនុស្ស សត្វ ឬយានយន្ត ប៉ុន្តែគ្រាប់បែកចង្កោមក៏អាចបង្កការគំរាមកំហែងប្រសិនបើត្រូវទទួលរងកំដៅខ្លាំង (ឧទាហរណ៍: ការដុត) ឬត្រូវបានវាយដំដោយវត្ថុរឹង ដូចជា ចបកាប់ ឬ គ្រាប់បែកចង្កោមនោះត្រូវបានកែច្នៃដោយបុគ្គលដែលមិនមានជំនាញ។
ចំពោះកុមារ គ្រាប់បែកចង្កោមអាចមានការគំរាមកំហែងខ្លាំងជាងគ្រាប់មីន ព្រោះវាមានរូបរាងតូចអាចមើលឃើញនៅលើផ្ទៃដី ដែលមានភាពទាក់ទាញឲ្យកុមាររើសយកមកលេង។

ការអនុវត្តការស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដើម្បីប្រមូលព័ត៌មាន និងបោសសម្អាត ដោយប្រើប្រាស់ពេលវេលាសមស្រប និងធនធានតិចតួច។ នៅក្នុងប្រទេសកម្ពុជាយើង ខេត្តដែលសំបូរគ្រាប់បែកចង្កោម រួមមាន ខេត្តរតន:គីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។