មេដឹកនាំរបបសឹកភូមាសន្យារៀបចំបោះឆ្នោតនៅឆ្នាំ២០២៣
នៅថ្ងៃទី ១ សីហា ២០២១ម្សិលមិញ ជាគម្រប់៦ខែគត់ ដែលមេដឹកនាំយោធាបានឡើងកាន់អំណាច តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសានស៊ូជី។ តាំងពីថ្ងៃទី ១កុម្ភៈ២០២១នោះមក ប្រទេសភូមាបានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត។ ប៉ុន្តែនៅថ្ងៃនេះ ប្រមុខដឹកនាំភូមា លោក មីន អ៊ុងឡាំង បានប្រកាសថារដ្ឋាភិបាលសឹកត្រៀមសហការការងារជាមួយអន្តរការីពិសេសរបស់អាស៊ាន និងបានសន្យារៀបចំការបោះឆ្នោតពហុភាគីនៅពីរឆ្នាំខាងមុខ។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែលបានក្លាយជាប្រមុខដឹកនាំប្រទេស តាមរយៈការធ្វើរដ្ឋប្រហារ កាលពី៦ខែមុន ទម្លាក់រដ្ឋាភិបាលស៊ីវិលនិងចាប់លោកស្រីអ៊ុងសានស៊ូជីឃុំឃាំង បានចេញមុខមកធានាអះអាងប្រជាពលរដ្ឋភូមាថា រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតសភាជាថ្មី នៅយ៉ាងយូរ ក្នុងខែសីហា ឆ្នាំ២០២៣ តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សេចក្តីប្រកាសនេះធ្វើឡើងតែមួយសប្តាហ៍ ក្រោយការប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភាកាលពីខែវិច្ឆិកា២០២០ ដែលគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសានស៊ូជីបានឈ្នះយ៉ាងត្រចះត្រចង់។ តែសម្រាប់លោក មីន អ៊ុងឡាំង លោកបានបញ្ជាក់ជាថ្មីទៀតថា នៅក្នុងការបោះឆ្នោតនោះមានការលួចបន្លំសន្លឹកឆ្នោតចំនួនជាង១១លានករណី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។