ក្រុម​អ្នកស្រាវជ្រាវ វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធភាព​ប្រឆាំង កូ​វី​ដប​ម្លែ​ង​ថ្មី Delta

​លោក Feng Zijian អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​នៃ​ប្រទេស​ចិន (China CDC) បាន​និយាយថា «​ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ប្រហែល​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង ប៉ុន្តែ​វ៉ាក់សាំង​ដែល​កំពុង​ចាក់​នៅ​ទូទាំងប្រទេស​ចិន នាពេល​បច្ចុប្បន្ននេះ នៅតែ​អាចមាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​នេះ​បាន​យ៉ាង​ល្អ​»​។​

សារព័ត៌មាន​ចិន China Daily បាន​ផ្សាយ​ថ្ងៃ​ចន្ទ​នេះ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​កំពុង​ប្រើ​នៅ​ទូទាំងប្រទេស​ចិន នាពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​បង្ហាញ​ពី​ប្រសិទ្ធភាព​ដ៏​ល្អ​ប្រឆាំងនឹង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែលមាន​សមត្ថភាព​ចម្លង​លឿន​រហ័ស និង​ងាយ​បង្ករ​ឱ្យ​អ្នកជំងឺ​ធ្លាក់ខ្លួន​ឈឺ​រហូតដល់​ស្លាប់​។​

​លោក Shao Yiming អ្នកស្រាវជ្រាវ​ម្នាក់ទៀត​នៅ​មជ្ឈមណ្ឌល​ខាងលើ បាន​និយាយថា «​ទោះបីជា​គ្មាន​វ៉ាក់សាំង​ណា អាច​ការពារ​ប្រឆាំងនឹង​វីរុស​នេះ​បាន ១០០​ភាគរយ​ក៏ដោយ ក៏​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​នានា នៅតែ​អាច​គ្រប់គ្រង​បាន ដោយ​វ៉ាក់សាំង​ដែលមាន​ស្រាប់ នៅ​នាពេល​បច្ចុប្បន្ន​នេះដែរ​»​។​

​លោក Shao Yiming បានកត់សម្គាល់​បន្ថែម​ទៀតថា ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ក្នុងស្រុក​របស់​ប្រទេស​ចិន អាច​កាត់បន្ថយ​អត្រា​នៃ​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ការស្លាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់ថា បើតាម​គេហទំព័រ Worldometers រហូតមកទល់​ពេលនេះ ប្រទេស​ចិន បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស ៩៣,១០៣​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៤,៦៣៦​នាក់ និង​អ្នកជា​សះស្បើយ ៨៧,៣៧៦​នាក់​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close