តម្លៃប្រេងចុះ៥០រៀល សាំងធម្មតាលក់ ៤ ០៥០រៀល និងម៉ាស៊ូត ៣ ៦០០រៀល ក្នុងមួយលីត្រ
ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតា សម្រាប់លក់រាយតាមស្ថានីយ៍ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានធ្លាក់ថ្លៃ ៥០រៀលក្នុងមួយលីត្រ ដូចគ្នាជាមួយនឹងតម្លៃប្រេងម៉ាស៊ូត។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់តម្លៃប្រេងលក់រាយតាមស្ថានីយ៍ ដែលចេញរយៈពេល១៥ថ្ងៃម្តង បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នឹងត្រូវលក់តម្លៃ ៤ ២១០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ហើយ ៣ ៧៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈត្រឹមតែ ៤ ០៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង៣ ៦០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។