សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៤គីឡូក្រាម ចាប់ខ្លួនមនុស្សម្នាក់ នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុនវីរៈប៊ុនថាំ
ភ្នំពេញ៖ គ្រឿងញៀនជាង ៤គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន និងបង្ក្រាបបាននៅ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ កាលពីល្ងាច ចុងសប្តាហ៍នេះ។
សមត្ថកិច្ច បានបញ្ជាក់ថា គោលដៅទី១. នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរៈប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង និង គោលដៅទី២. នៅចំណុចលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួននោះ ឈ្មោះ ហ៊ុន សារ៉េត ហៅរុណ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ រីឯវត្ថុតាងរឹបអូសបាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប ៤ ១១៤ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១.១០ក្រាម, សរុប ៤១៤៧.៤០ក្រាម និងម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។