វ៉ាក់សាំង Johnson & Johnson មានប្រតិកម្ម​មិនល្អ ឡាវ​សម្រេច​ផ្អាក​ការចាក់​ជា​បណ្តោះអាសន្ន​

​សារព័ត៌មាន Laotian Times នា​រសៀល​ថ្ងៃ​អង្គារ ទី​០៣ ខែសីហា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា មន្ត្រី​សុខាភិបាល​ខេត្ត​ចម្ប៉ា​សាក់ នៃ​ភាគខាងត្បូង​ប្រទេស​ឡាវ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​ប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson របស់​សហរដ្ឋអាមេរិក ដោយសារ​តែមាន​សេចក្តីរាយការណ៍​មួយចំនួន អំពី​ការរង​ប្រតិកម្ម​មិនល្អ ពី​សំណាក់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ប្រភេទ​ចាក់​តែមួយ​ដូ​ស​នេះ​។​

​យោងតាម​សារព័ត៌មាន​ឡាវ​ដដែល មនុស្ស​យ៉ាងហោចណាស់ ២-៣​នាក់ ត្រូវបាន​រកឃើញថា កើតមាន​ប្រតិកម្ម​អវិជ្ជមាន នៅក្រោយ​ការចាក់​វ៉ាក់សាំង Johnson & Johnson ហើយ​ពួកគេ​សុទ្ធ​តែមាន​អាយុ​ក្រោម ៦០​ឆ្នាំ​។ ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត វៀង​សាយ ស៊ូ​ផាក​ឌី (Viengsy Souphakdy) ប្រធាន​នាយកដ្ឋាន​សុខភាព​នៃ​ខេត្ត​ចម្ប៉ា​សាក់ បាន​លើកឡើងថា អាជ្ញាធរ​បានសម្រេច​ចិត្ត​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង Johnson & Johnson លើ​មនុស្ស​អាយុ​ចាប់ពី ២០​ឆ្នាំ ដល់​ក្រោម ៦០​ឆ្នាំ ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​អំពី​សុវត្ថិភាព​។​

​វេជ្ជបណ្ឌិត Viengsy Souphakdy បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មនុស្ស​ភាគច្រើន ជាពិសេស​អ្នកមាន​អាយុ​ក្រោម ៦០​ឆ្នាំ បាន​រង​ផលប៉ះពាល់​អវិជ្ជមាន ក្រោយ​ទទួលបាន​ការចាក់​វ៉ាក់សាំង (Johnson & Johnson) ដូចជា ស្លេក​ស្លក់​, វិលមុខ និង​ខ្លះ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​សន្លប់​»​។ យ៉ាងណាក៏ដោយ អ្នកមាន​អាយុ​លើសពី ៦០​ឆ្នាំ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង Johnson & Johnson គឺ​មិនមាន​ប្រតិកម្ម​អវិជ្ជមាន​នោះឡើយ​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ឡាវ​បាន​ចាក់​វ៉ាក់សាំង Johnson & Johnson ជាង ១២៣,០០០​ដូ​ស​ហើយ ជូន​ប្រជាជន​នៅ​ខេត្ត​ចម្ប៉ា​សាក់ ក្នុងចំណោម​វ៉ាក់សាំង​ប្រភេទ​នេះ​សរុប ១​លាន​ដូ​ស ដែល​អាមេរិក​បាន​បរិច្ចាគ​ដល់​ឡាវ តាមរយៈ​កម្មវិធី COVAX៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close