អាមេរិក វិលត្រឡប់​ទៅរក​ចំណុចកំពូល នៃ​កូ​វិដ​ជាថ្មី ដោយពេល​នេះ​មាន​ករណី​ឆ្លង​ថ្មី​ជាង​១​សែន​នាក់​ក្នុង​១​ថ្ងៃ​

​ករណី​ឆ្លង​កូ​វិដ​១៩ នៅ​អាមេរិក បាន​កើនឡើង​ខ្ពស់​ជាថ្មី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវអនុម័ត​វិធានការ​ពាក់​ម៉ាស់​ជាថ្មី បើទោះបី​ពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​ហើយ​ក្តី ។ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ១០៤,៧៥៨​នាក់​ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៥១៦​នាក់​បាន​ស្លាប់​នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ៣៦,០៤៩,០១៥​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៦៣០,៤៩៧​នាក់ និង​ជាសះស្បើយ​ឡើង​សរុប ២៩.៧៥​លាន​នាក់​។ សម្រាប់​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​រស់នៅ​លើទឹក​ដី​សហរដ្ឋអាមេរិក​គឺជា​ង ៣៣២​លាន​នាក់​។​

​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​មើលឃើញ កំពុង​ជួបប្រទះ​ការកើនឡើង​ករណី​ឆ្លង COVID-19 ឡើងវិញ​យ៉ាងគំហុក ហើយ​បើទោះបីជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ក៏​អាច​ឆ្លង​ជំងឺ​នេះដែរ​។ បន្ថែម​ពីនេះ​ការរកឃើញ​ករណី​ឆ្លង COVID-19 បំប្លែង​ថ្មី Delta ក៏​ជា​បញ្ហា​ធំ ដែល​កំពុង​ជំរុញ​ឲ្យ​រដ្ឋ​កាន់តែច្រើន បង្កើន​ការ​រឹតត្បិត​ឡើងវិញ ក្នុងនោះ​ដូចជា​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស នៅពេល​ចូល​កន្លែង​បិទ​ជិត​ជាដើម​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ សហរដ្ឋអាមេរិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 សរុប​ជាង ៣៤៧​លាន​ដូ​ស​ហើយ ជូន​ដល់​ប្រជាជន​ទូទាំងប្រទេស ក្នុងនោះ​មនុស្ស​សរុប ១៩១.៨១​លាន​នាក់ (៥៨.៣%​នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​យ៉ាងហោចណាស់ ១​ដូ​ស និង ១៦៤.៩២​លាន​នាក់ (៥០.២% នៃ​ចំនួន​ប្រជាជន​សរុប​) បានទទួល​ការចាក់​គ្រប់​ដូ​ស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close