Asian Cup 2023 ៖ កម្ពុជា នឹងជួបកោះហ្គាំ ក្នុងវគ្គ Play-Off ទាំង ២ជើង នៅប្រទេសបារ៉ែន
ភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយកោះហ្គាំ ក្នុងវគ្គ Play-Off ជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ នៅប្រទេសចិន (AFC Asian Cup China 2023) នៅទឹកដីកណ្ដាល នាប្រទេសបារ៉ែន ទាំង ២ជើង បន្ទាប់ពីមានការស្នើសុំរបស់ភាគីកម្ពុជា និងកោះហ្គាំ ដោយសារការព្រួយបារម្ភពីបញ្ហារីករាលដាលជំងឺកូវីដ-១៩ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នៅព្រឹកទី០៥ ខែសីហា ឆ្នាំ២០២១ ។
យោងតាមការជូនដំណឹងខាងលើ បានបញ្ជាក់ថា «ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងកោះហ្គាំ មានការរីករាលដាលខ្លាំងធ្វើឲ្យការធ្វើដំណើរទៅមកចេញចូលមានការលំបាក ដូច្នេះគណៈកម្មការប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចរៀបចំការប្រកួត រវាងក្រុមទាំងពីរ នៅប្រទេសបារ៉ែន សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាំ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំទី៣» ។
សម្រាប់ការប្រកួតវគ្គ Play-Off រវាងក្រុមទាំងពីរខាងលើ នឹងធ្វើឡើងនៅកីឡដ្ឋាន Khalifa Sport City នាប្រទេសបារ៉ែនទាំង ២ជើង ក្នុងនោះជើងទី១ ដំបូងឡើយត្រូវប្រកួតនាថ្ងៃទី០៧ ខែកញ្ញា ត្រូវបានពន្យារពេលទៅកួតថ្ងៃទី០៩ ខែតុលា ខណៈជើងទី២ រក្សាការប្រកួតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដដែល ។ ចំពោះក្រុមទទួលបានជ័យជម្នះ នឹងឡើងទៅវគ្គចែកពូល នៃវគ្គជម្រុះជុំទី៣ បន្ដ ដែលនឹងប្រកួតនាឆ្នាំ២០២២ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣ ៕
ប្រភព៖ CAMSOC
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។