រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ១៤​ថ្ងៃ​ទៀត

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គឺ​ចាប់ពី​ថ្ងៃទី​០៦ ខែសីហា ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។

​ក្នុង​លិខិត​ណែនាំ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៤ សីហា ម្សិលមិញ បញ្ជាក់ថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» នៅក្នុង​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​ទប់ស្កាត់បាន​ទាំងស្រុង​នៅឡើយ ហើយ​កំពុងមាន​ការឆ្លង​រាលដាល​ជា​បន្ទាប់​បន្ទាប់​ទៀត ដើម្បី​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ ក៏ដូចជា​សណ្តាប់ធ្នាប់​ស​ង្គ​ម​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ណែនាំ​ដូចខាងក្រោម​៖

*​បន្ត​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​០៦ ខែសីហា ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​។​

*​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន និង​ផ្សារ​ម៉ា​ត ព្រមទាំង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ត្រូវតែ​បន្ត​ផ្អាក​ការលក់ដូរ និង​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។​

*​គ្រប់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវ​កម្មដ្ឋាន​អាហារ​-​ភេសជ្ជៈ និង​អាជីវករ​លក់ដូរ អ្នក​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ត្រូវ​បន្ត​ផ្អាក​រាល់​ការបម្រើ​គ្រឿង​ស្រវឹង​ជូន​ភ្ញៀវ​ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ​បន្ថែមទៀត​។​

​ក្នុងករណី​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​ផ្សារ អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​ដេប៉ូ​ចែកចាយ ម្ចាស់​ហាង ម្ចាស់ តូប​លក់ដូរ ក៏ដូចជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ពាក់ព័ន្ធ​ការលក់ដូរ​គ្រឿង​ស្រវឹង ដូច​រៀបរាប់​ខាងលើ​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ ត្រូវ​ទទួល​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close