ក្រសួងបរិស្ថាន ផ្តល់កូនឈើជិត ៣ម៉ឺនដើម សម្រាប់ដាំបង្កើនភាពបៃតង និងការអភិរក្សប្រភេទពូជឈើកម្រៗ
ដោយអនុលោមតាមទស្សនាទាននៃការកសាងទីក្រុង និងសហគមន៍ប្រកបដោយផាសុកភាពសម្រាប់ការរស់នៅ ក្រសួងបរិស្ថានបានផ្តល់កូនឈើជិត ៣ ម៉ឺនដើមជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុកនិងសហគមន៍នានាដើម្បីចែកជូនអាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋដាំនៅក្នុងតំបន់របស់ខ្លួននៅក្នុងឆ្នាំ២០២១ នេះ ដាំបង្កើនភាពបៃតងនិងការអភិរក្សប្រភេទពូជឈើកម្រៗ ក៏ដូចជាលើកកម្ពស់សោភ័ណភាពនៅតាមទីក្រុងនិងនៅតាមសហគមន៍មូលដ្ឋាននានា។
ប្រភេទឈើទាំងនោះរួមមានគ្រញូង ធ្នង់ បេង នាងនួន សុក្រំ ឈើទាល គគីរជាដើម។ ចំណែកដើមផ្កាលម្អ និងដើមឈើហូបផ្លៃរួមមានក្ងោកលឿង ក្ងោកក្រហម ឥន្ធនេល ផ្កាចា ភួងមង្គល ខ្នុរព្រៃ ព្រីង ជាដើមុំ។ ក្រសួងបរិស្ថាននឹងបន្តផ្តល់ជូនកូនឈើ និងពូជផ្កាកម្រៗផ្សេងទៀតជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីដាំនៅតាមទីតាំងនានា។
នេះគឺជាផ្នែកមួយនៃការធ្វើឱ្យទីក្រុងនិងសហគមន៍កាន់តែជាទីកន្លែងមានសុវត្ថិភាព ក្តីសុខសាន្ត និងបរិស្ថានល្អស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅប្រកបដោយផាសុកភាព បន្ថែមលើការងាររៀបចំក្រុង ការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវប្បធម៌ជាដើម។
ការរួមគ្នាដាំដើមឈើតាមសហគមន៍ និងទីប្រជុំជន មិនមែនបង្កើតភាពបៃតងជាម្លប់ និងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទេប៉ុណ្ណោះទេ តែបានចូលរួមថែរក្សា និងអភិរក្សប្រភេទឈើប្រណីតសំខាន់នៅក្នុងសហគមន៍ និងចូលរួមបង្កើនវត្តមានឈើប្រណីតក្នុងប្រទេសកម្ពុជា និងជាការបន្សល់ទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីបង្កើតភាពបៃតងនិងផ្តល់ផាសុកភាពសម្រាប់ការរស់នៅរបស់យើង និងចូលរួមបង្កើនគម្របព្រៃឈើបន្ថែម និងការពារធនធានធម្មជាតិរបស់កម្ពុជា!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។