ឆមាស​ទី​១ ឆ្នាំនេះ​! កម្ពុជា ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ១០​ម៉ឺន​នាក់​!

​ភ្នំពេញ​៖ នៅ​អំឡុងពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២១​នេះ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១០២,៥៦០​នាក់ ថយចុះ ៩១.៣% ចំណែកឯ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០​។​

​របាយការណ៍​ពី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា រយៈពេល​៦​ខែ ឬ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២,៥៦០​នាក់ ថយចុះ ៩១.៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ ដែល​មក​តាម​ផ្លូវអាកាស ៤៦,២៤៩​នាក់ ថយចុះ ៩៣.២% មក​តាម​ផ្លូវគោក ៥៦,៣០៩​នាក់ ថយចុះ ៨៧.៤% និង​មក​តាម​ផ្លូវទឹក​មានតែ ២​នាក់​ប៉ុណ្ណោះ​។​

​ក្រសួងទេសចរណ៍ បានបង្ហាញ​អំពី​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង ១០​ផងដែរ រួមមាន​៖
១. ទេសចរ​ថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%
២. ទេសចរ​ចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%
៣. ទេសចរ​វៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%
៤. ទេសចរ​ឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%
៥. ទេសចរ​កូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%
៦. ទេសចរ​សហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%
៧. ទេសចរ​ចិន​មកពី​កោះ​តៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%
៨. ទេសចរ​ម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%
៩. ទេសចរ​ជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%
១០. ទេសចរ​បារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%​។​

​បើតាម​ក្រសួងទេសចរណ៍ ភ្ញៀវទេសចរ​ផ្ទៃក្នុង​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១ គឺមាន​ចំនួន​សរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​។ ចំណែកឯ​ទេសចរ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​សរុប ១៤១,៩៨៨ នាក់​។ ចំណែកឯ​ភ្ញៀវទេសចរ​កម្ពុជា​ដែល​បាន​ចេញទៅ​ក្រៅប្រទេស នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១ នេះដែរ គឺមាន​ចំនួន​សរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close