ក្រុម​តា​លី​បង់អាច​ដណ្តើម​គ្រប់គ្រង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងមូល ក្រោយ​អាមេរិក​ដកចេញ​

ក្រុម​តា​លី​បង់​បាន​បង្កើន​ការវាយប្រហារ​ដណ្តើមបាន​ទីតាំង​គ្រប់គ្រង​ជាច្រើន​នៅក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ពេលនេះ ក៏បាន​ឡោមព័ទ្ធ​រដ្ឋធានី​កា​ប៊ុល ជាទី​តាំង​សំខាន់បំផុត​របស់​រដ្ឋា​ភិ​បាល ។ នៅពេល​នេះដែរ​ប្រធានាធិបតី​អាមេរិក​ប្រាប់​សម្ព័ន្ធមិត្ត​អា​ហ្វ​ហ្គា​នី​ស្ថាន​ទីពឹង​ខ្លួន​។

​ក្រោយពេល​ក្រុម​តា​លី​បង់​ដណ្តើម បានការ​គ្រប់គ្រង បន្ថែម​៥​តំបន់​ទៀត​នៅ​ភាគ​ខាងជើង ក្រុម​តា​លី​បង់ បាន ពង្រីក​ទីតាំង​គ្រប់គ្រង​ដល់​រដ្ឋធានី អា​ហ្វ​ហ្គា​នី​ស្ថាន ។ ក្នុងពេលដែល​កំពុង​ប្រឈម​គ្រោះថ្នាក់ អាមេរិក​បាន​បដិសេធ វិលត្រឡប់​មកជួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ក្នុង​រយៈពេល​ជិត​១​សប្តាហ៍​កន្លងមក កម្លាំង​ឧទ្ទាម​តា​លី​បង់ បាន​បង្កើន​សកម្មភាព​វាយប្រហារ​ដណ្តើម​ទីតាំង​គ្រប់គ្រង​ជាច្រើន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កា​ប៊ុល​ធ្លាក់​ក្នុងស្ថានភាព​គ្រោះថ្នាក់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក​។​

​នៅ​ថ្ងៃទី​៨​ខែសីហា ក្រុម​តា​លី​បង់ បាន​ពង្រីក​ទឹកដី​គ្រប់គ្រង នៅ​តំបន់​ភាគ​ខាងជើង ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ដណ្តើម​ការគ្រប់គ្រង​បន្ថែម​៣​ខេត្ត​ទៀត​ក្នុងប្រទេស​នេះ​។ ចំនួន​ខេត្ត​ក្រុង​ដែល ក្រុម​តា​លី​បង់​ដណ្តើមបាន​តាំងពី​ថ្ងៃទី ៦​ខែសីហា មកដល់ពេលនេះ​មាន​៥​ខេត្ត​ក្រុង​ហើយ​។​

​រដ្ឋធានី​កា​ប៊ុល មាន​ពលរដ្ឋ​រស់នៅ​៦​លាន​នាក់ ជាទី​តាំង​សេដ្ឋកិច្ច​នយោបាយ ដែល​អាមេរិក​បាន​ចំណាយ​ប្រាក់​ជាច្រើន ក្នុង​រយៈពេល ២០​ឆ្នាំកន្លងមក ដើម្បី​កសាងឡើង​។ អាមេរិក និង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន សង្ឃឹមថា​ក្រុម​តា​លី​បង់​ធ្វើ​សកម្មភាព​នៅតាម​តំបន់​ជនបទ ប៉ុន្តែ ពេលនេះ​ក្រុម​តា​លី​បង់ ធ្វើ​សកម្មភាព​វាយប្រហារ​ចូលដល់​ទីក្រុង​ហើយ​។​

​ប្រធានាធិបតី​បៃ​ឌិន បានប្រកាសថា​នឹងមិន​មាន​គម្រោង​ប្រែ​ក្រឡាស​ការសម្រេច​ដក​ទា​ហាន​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះឡើយ បើទោះបី​ក្រុម​តា​លី​បង់ បង្កើន​សកម្មភាព​វាយប្រហារ ចូលដល់​ទីក្រុង​ក្តី ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close