ក្រសួងបរិស្ថាន​៖ គម្រោង​វាយតម្លៃ​តម្រូវការ​បច្ចេកវិទ្យា បានរួម​ចំណែក​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ យ៉ាង​ឆាប់រហ័ស​!

​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ប្រែ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នាពេល​អនាគត​។ គម្រោង​វាយតម្លៃ​តម្រូវការ​បច្ចេកវិទ្យា និង​ផែនការ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​បច្ចេកវិទ្យា​មេត្រីភាព​បរិស្ថាន សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នឹងចូលរួម​ចំណែក​ព​ង្រឹ​ង​សមត្ថភាព​ធនធាន​មនុស្ស​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​សម្របសម្រួល​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រិះរក​ដំណោះស្រាយ​ក្នុងការ​អភិវឌ្ឍ​ខេត្ត ដែល​គិតគូរ​ពី​សេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និង​សង្គម​។

​នេះ​ជាការ​លើកឡើង របស់​ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្នុង​ពិធី​ផ្សព្វផ្សាយ​បើក​គម្រោង​វាយតម្លៃ​តម្រូវការ​បច្ចេកវិទ្យា និង​ផែនការ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​បច្ចេកវិទ្យា​មេត្រីភាព​បរិស្ថាន សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ រៀបចំឡើង​នៅ​ថ្ងៃ​ពុធ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ​នាយកដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សហការ​ជាមួយ​អង្គការ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័នរដ្ឋ មន្ទីរជំនាញ រដ្ឋបាលខេត្ត​ព្រះសីហនុ វិស័យ​ឯកជន តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស អង្គការ​សង្គម​ស៊ីវិល តំណាង​សាកលវិទ្យាល័យ អ្នកជំនាញ និង​អ្នកស្រាវជ្រាវ សរុប​ប្រមាណ​៧០ រូប​។​

​សូមបញ្ជាក់ថា ការផ្សព្វផ្សាយ​គម្រោង​ខាងលើ បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ផែនការ​សកម្មភាព​រប​ស់​គម្រោង ការចូលរួម​របស់​ភា​គី​ពាក់ព័ន្ធ និង​ការបណ្តុះបណ្តាល ស្តីពី​ដំណើរការ​អនុវត្ត​បច្ចេកវិទ្យា​មេត្រីភាព​បរិស្ថាន ក្នុង​វិស័យ​ថាមពល ដំណើរការ​ឧស្សាហកម្ម​និង​ការប្រើប្រាស់​ផលិតផល ការប្រើប្រាស់​ទឹក សំណល់ និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ និង​កា​រប​ន្ស៉ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការលើកទឹកចិត្ត​ឲ្យ​មាន​មានការ​ចូលរួម​របស់​ស្ត្រី​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close