ស្នងការខេត្តកំពង់ស្ពឺ សម្រេចដកអធិការស្រុកបសេដ្ឋបញ្ឈរជើង
ករណីបណ្តឹងរបស់មន្រ្តីក្រោមឱវាទ ដាក់ពាក្យប្តឹងសុំឲ្យមានការដកតំណែងលោក អ៊ុំ ចំរើន ពីអធិការស្រុកបសេដ្ឋនោះ ទីបំផុតទៅ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកភារកិច្ចរបស់លោក អ៊ុំ ចំរើន ហើយ។
តាមលិខិតបង្គាប់ការចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានសម្រេចផ្អាកភារកិច្ចបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អត្តលេខ ៤២៣០៦ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដោយមូលហេតុ ប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ លេខ ០០៦ បបជ។
ក្នុងនោះ លោក អ៊ុំ ចំរើន ត្រូវបានគេបង្គាប់ឲ្យបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការកែប្រែកំហុសឆ្គង រហូតដល់មានការសម្រេចជាថ្មី។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានមន្ត្រីនគរបាល នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺជាច្រើននាក់ បាននាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឲ្យដកអធិការស្រុកបសេដ្ឋ ដោយថា អធិការរូបនេះមានភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
ពាក្យបណ្តឹងនោះបានលើកឡើងពីទង្វើរបស់លោក អ៊ុំ ចំរើន ដោយអនុម័តការងារគ្មានការប្រជុំក្រុមប្រឹក្សាវិន័យដើម្បីស្នើរការតែងតាំង និងផ្លាស់ប្តូរការងារមន្ត្រីក្រោមឱវាទ ហើយរាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រី លោកអធិការ គឺតែងតែទាមទារលាភសក្ការៈ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យតម្លៃកូនចៅ ហើយការដឹកនាំទៀតសោត គឺគ្មានក្រមសីលធម៌ និងគ្មានការទទួលខុសត្រូវឡើយ។
មិនតែប៉ុណ្ណោះលោក អ៊ុំ ចំរើន ក៏តែងប្រមូលកូនចៅលេងល្បែងក្នុងអង្គភាព ដែលផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថែមទៀត ហើយរាល់ការចាយវាយលុយភូមិឃុំសុវត្ថិភាពដែលរដ្ឋទម្លាក់ឱ្យ គឺលោកអធិការប្រើប្រាស់ដោយមិនដែលមានវិក័យប័ត្រច្បាស់លាស់នោះទេ។
ចំពោះការចោទប្រកាន់ទាំងប៉ុន្មាននេះ លោក អ៊ុំ ចំរើន បានធ្វើការច្រានចោល ហើយថា ស្នាមមេដៃនៅក្នុងពាក្យបណ្តឹងដែលបានប្តឹងលោកទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនោះ គឺជាស្នាមមេដៃក្លែងក្លាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។