កូនឈ្លោះគ្នា ឪពុកចូលទៅឃាត់ ជ្រុលដៃចាក់ឪពុកស្លាប់
បុរសជាឪពុកអាយុប្រមាណជិត៦០ឆ្នាំម្នាក់បានស្លាប់ ក្រោយពីត្រូវកូនចាក់មួយកាំបិត ពេលគាត់ចូលទៅឃាត់កូនស្រីបង្កើត និងកូនប្រសាឈ្លោះគ្នា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះ ល្វែង មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនរងគ្រោះ ត្រូវបានបញ្ជាក់ថាមានឈ្មោះ ប៊ុន សុវណ្ណា អាយុ ៥៩ ឆ្នាំ ។ ចំណែកជនសង្ស័យ ជាកូនទាំង ២ នាក់ មានឈ្មោះ ប៊ុន សូហ្វែរ អាយុ២៨ឆ្នាំ ជាកូនស្រីបង្កើតរបស់ ជនរងគ្រោះ និងបុរសជាកូនប្រសា របស់ជនរងគ្រោះ មានឈ្មោះ ហេង សៅរស្មី អាយុ ៣១ ឆ្នាំ ។
យោងតាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង ២ នាក់ បានឈ្លោះប្រកែកគ្នា រឿងប្រពន្ធ ប្រច័ណ្ឌប្តី ថាមានស្រី នៅខាងក្រៅ រហូតកើតជាជម្លោះហិង្សា វាយតប់គ្នា ។ ដោយឮសូរសម្រែក នៃជម្លោះជេរ និងវាយតប់ គ្នាមក បុរសរងគ្រោះ បានចូលទៅជួយ ចាប់ឃាត់កូនៗ កុំអោយមានការឈ្លោះគ្នា បន្តទៀត ប៉ុន្តែស្របពេលនោះ ស្ត្រីជាប្រពន្ធ និងជាកូនស្រី បានស្ទុះទៅយកកាំបិត សាំងគីម ពីក្បាលដំណេក បម្រុងយកទៅចាក់ប្តី តែត្រូវឪពុក និងប្តី ស្ទុះទៅចាប់ ប្រតាយប្រតប់ ដណ្តើមកាំបិត ជាហេតុធ្វើអោយជ្រុលដៃ ចាក់ទៅលើឪពុក ចំដងខ្លួន ជាច្រើនកន្លែង ហូរឈាម ស្រោចពេញដងខ្លួន រងរបួសធ្ងន់ធ្ងរ ។
ភ្លាមៗនោះ ប្តីប្រពន្ធទាំង ២ នាក់ បានស្រវេស្រវារដឹកឪពុក ទៅកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ដើម្បីសង្គ្រោះ ប៉ុន្តែអកុសល ពេលដឹកដល់ទីនោះ ឪពុករបស់ខ្លួន បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។
តាមការធ្វើកោសល្យវិច័យ ពិនិត្យជាក់ស្តែង ឃើញថា សពជនរងគ្រោះ គឺត្រូវចាក់ចំ ចំនួន ៣ កាំបិត និងចំ ៣ កន្លែង លើដងខ្លួនផ្សេងៗគ្នា ដោយចាក់ចំចង្កេះខាងឆ្វេង , ពោះ, និង ដើមទ្រូង ធ្វើអោយជនរងគ្រោះ បាត់បង់ឈាមច្រើនពេករហូតដល់ដាច់ ខ្យល់ស្លាប់ ។
បន្ទាប់ពីបានស្តាប់ ដំណើររឿងរួចមក សមត្ថកិច្ច បានសម្រេចឃាត់ខ្លួន ប្តីប្រពន្ធទាំង ២ នាក់ យកទៅកាន់ប៉ុស្តិ៍ រដ្ឋបាលនគរបាល ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់តែម្តង ព្រោះករណីនេះ ត្រូវបានចាត់បញ្ចូល ជាអំពើឃាតកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។