សមត្ថកិច្ចបង្ក្រាប សាច់ជ្រូក និងគ្រឿងក្នុងខូចគុណភាព ១,៥តោន ដែលឈ្មួញនាំចូលពីថៃ តាមច្រកស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ សាច់ជ្រូក និងគ្រឿងក្នុងជ្រូក ប្រមាណជា ១៥០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញស្រុកម៉ាឡៃ ចុះបង្ក្រាបបានកាលពីចុងសប្តាហ៍នេះ នៅជិតបន្ទាត់ព្រំដែន ក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយសង្ស័យខូចគុណភាព និងមានលាយសារធាតុគីមី។
ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញ បានស្ទាក់រថយន្ត១គ្រឿង រកឃើញមានសាច់ និងគ្រឿងក្នុងជ្រូកចម្រុះចំនួន ៣០កេសស្នោ ក្នុង១កេស ទម្ងន់ ៥០គីឡូក្រាម និងសរុបចំនួន ១៥០០គីឡូក្រាម។
ពាក់ព័ន្ធករណីនេះ លោក ហ៊ុយ ទូច ប្រធានការិយាផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានឱ្យដឹងថា ករណីនេះ បានឃាត់ខ្លួនមនុស្សចំនួន ២នាក់ ម្នាក់ ជាអ្នកបើកបររថយន្ត និងម្នាក់ជាអ្នករួមដំណើរ។
តាមការសាកសួរអ្នកបើកបររថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើ បាននិយាយថា ខ្លួនមិនស្គាល់ម្ចាស់ទេ ហើយសាច់ទាំងនេះគ្មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម្មថែមទៀត។ ចំពោះការវេចខ្ចប់នេះក៏មិនត្រឹមត្រូវតាមស្តង់ដា ឬបទដ្ឋានបច្ចេកទេស។ ទោះយ៉ាងនេះក៏ដោយ សាច់ទាំងនេះ និងមនុស្សទាំង ២នាក់ កំពុងនាំយកទៅសាកសួរបន្តនៅការិយាល័យ។
ចំពោះសាច់ និងគ្រឿងក្នុងជ្រូកទាំងនេះ បានសុំគោលការណ៍ដុតកម្ទេចចោលរួចហើយ និងយកសំណាកវិភាគសាច់ទាំងនេះ ទៅធ្វើតេស្តរកមេរោគផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។