ឯកឧត្តម អភិបាលខេត្តព្រះសីហនុ​ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១.២០០ម៉ែត្រ នៅភូមិ៣ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ……………..

ព្រឹកថ្ងៃអាទិត្យទី ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១.២០០ម៉ែត្រ មានទីតាំងនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវថេរវិថីសម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១.២០០ម៉ែត្រ ទទឹងពី ៤ ទៅ ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយប្រើឆ្អឹងដែក ១០លី ជាការជួយឧបត្ថម្ភដោយក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,LTD។

ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល ៣៥ថ្ងៃ ប្រសិនបើអំណោយ ផលល្អមិនមានភ្លៀងធ្លាក់។ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD បានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយសារតែខេត្តព្រះ សីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក។

ឯកឧត្តម បន្ថែមថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់និងបានចូលរួមយ៉ាងសកម្ម និងជាដៃគូដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍ ខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅដោយរលូន ធានាបានបរិមាណ និងគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវមួយខ្សែនេះជារបស់យើងទាំងអស់គ្នានិងសូមប្រជាពលរដ្ធត្រូវថែរក្សាផ្លូវមួយខ្សែអោយយូរអង្វែងតទៅថ្ងៃខាងមុខ។ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close