សំបុក​បក្សី​ជាតិ​របស់​កម្ពុជា​ចំនួន ១០​ហើយ បាន​រកឃើញ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​

​សត្វ​ត្រយង​យក្ស ជា​បក្សី​ជិត​ផុត​ពូជ​បំផុត​មួយ នៅលើ​ពិភពលោក និង​ជា​និមិត្តរូប​បក្សី​ជាតិ​របស់​កម្ពុជា​។ ដែនជម្រកសត្វព្រៃ​លំផាត់ បាន​នឹង​កំពុង​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ត្រយង​យក្ស​។ ជា​រៀងរាល់ឆ្នាំ​ក្រុមការងារ​យើង​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​បាន​នឹង​កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក និង​កំណត់​ទីតាំង​ពង​កូន​ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ​ក៏ដូចជា​ការរៀបចំ​ផែនការ​សម្រាប់​សកម្មភាព​នាពេលខាងមុខ​។ ដោយហេតុថា​សត្វ​នេះ​ពង​កូន​នា​រដូវវស្សា​ការសិក្សា​ស្វែងរក​មានការ​លំបាក​ខ្លាំង​និង​ទាមទារ​ការប្រឹងប្រែង​ខ្ពស់​។

​ជា​លទ្ធផល​សំរាប់​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​៣​ខែ​កន្លងមកនេះ សំបុក​សត្វ​ត្រយង​យក្ស​ចំនួន​១០​សំបុក​ត្រូវបាន​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​សំបុក​មួយចំនួន​ត្រូវបាន​ញាស់ និង​មួយចំនួនទៀត​កំពុង​ក្រាប​ពង ក្រោម​ការតាមដាន​និង​ការពារ​យ៉ាង​យកចិត្តទុកដាក់​ពី​បុគ្គលិក​ទីវាល​របស់​យើង​។

​រដូវ​ពង​កូន​ឆ្នាំនេះ​នឹង​បញ្ចប់​នៅ​ខែវិច្ឆិកា យើង​សង្ឃឹមថា​សំបុក​សត្វ​នេះ​អាច​រកឃើញ​ច្រើន​ថែមទៀត​និង​ទទួលបាន​ការតាមដាន​និង​ការពារ​ពី​ក្រុមការងារ​យើង​។ ​ខណៈដែល​ក្រុមការងារ​យើង​ធ្វើការ​ស្រាវជ្រាវ​និង​អភិរក្ស​បក្សី​កម្រ​នេះ​យ៉ាង​លំបាក អង្គការ​BirdLife និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​សំណូមពរ​ដល់​ប្រជា​សហគមន៍ អជ្ញាធរ​មូលដ្ឋាន​សូម​ចូលរួម​ថែរក្សារ​ការពារ​បក្សី​ជាតិ​យើងទាំងអស់គ្នា​ដោយ​ទប់ស្កាត់​និង​មិន​ទ​ន្ទ្រា​ដី​ដែល​ធ្វើអោយ​បាត់បង់​ទីជម្រក មិន​យក​ពង​កូន និង​មិន​បង្ករ​ការរំខាន​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close