មនុស្ស ១,២៩៧​នាក់ បាត់បង់​ជីវិត ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​ហៃ​ទី

​ហៃ​ទី​៖ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​ហៃ​ទី បាន​កើន​ឡើងដល់​១,២៩៧​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈដែល​ប្រទេសជិតខាង​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ជំនួយ និង​ក្រុម​អ្នក​ជួយសង្គ្រោះ​អោយ​ព្យាយាម​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​ដែល​កប់​នៅក្រោម​កម្ទេចកម្ទី នៅមុន​ព្យុះ​ត្រូ​ពិ​ក​វាយប្រហារ​ប្រទេស​នេះ​។​

​នៅ Les Cayes ជាទី​ក្រុង​មាត់សមុទ្រ​ដែលមាន​ប្រជាជន​ចំនួន​៩​ម៉ឺន​នាក់ ក្រុម​អ្នក​ជួយសង្គ្រោះ​ពាក់មួក​ពណ៌​ក្រហម និង​អាវ​ពណ៌​ខៀវ​បាន​ទាញ​សាកសព​ចេញពី​គំនរ​បាក់បែក​នៃ​អាគារ​មួយ ខណៈ​ដែលមាន​គ្រឿងចក្រ​មេកានិច​ពណ៌​លឿង​នៅក្បែរ​នោះបាន​ជួយ​ផ្លាស់ប្តូរ​កម្ទេចកម្ទី​។​

​នាយករដ្ឋមន្ត្រី​ហៃ​ទី​លោក Ariel Henry ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Les Cayes បាន​និយាយថា យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា ដើម្បី​ផ្តល់​ការឆ្លើយតប​ដែល​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​នេះ​។​

​គួរកត់សម្គាល់ បើតាម​ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី USGS របស់​សហរដ្ឋអាមេរិក​នោះ គ្រោះមហន្តរាយ​រញ្ជួយ​ដី​ក្នុង​កម្រិត​៧.២​រ៉ិ​កទ័រ​ខាងលើនេះ បានកើត​ឡើង​នៅ​តំបន់​ភាគ​និរតី​ប្រទេស​ហៃ​ទី​ដោយ​ចំណុច​រំ​ញ័រ​របស់​វា ស្ថិតនៅ​ចម្ងាយ​៨​គីឡូម៉ែត្រ​ពី​ក្រុង​ឈ្មោះថា ប៉េ​ទី​ត​ត្រូ ដឺ​នី​ព​ប៉េ​ស (Petit Trou de Nippes) នៅ​ជម្រៅ​១០​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី ដែល​អាច​បង្ក​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close