ក្រសួងទេសចរណ៍ ចាប់ផ្តើម​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ​ផ្នែក​ផលិតកម្ម​ម្ហូបអាហារ ឆ្ពោះទៅ​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​

​ភ្នំពេញ​៖ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ ASSIST វិទ្យាស្ថាន William Angliss នៃ​ប្រទេស​អូស្ត្រាលី និង​ក្រុមហ៊ុន Thalias Hospitality Group នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១​នេះ បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ ផ្នែក​ផលិតកម្ម​ម្ហូបអាហារ ដើម្បី​អាចធ្វើ​ការបណ្តុះបណ្តាល​ប​ន្ត​ដល់​យុវជន​កម្ពុជា​ផ្សេងៗ​ទៀត តាម​ស្តង់ដា​អាស៊ាន និង​ជាការ​ត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ ថមថយ​។​

​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​អ្នកជំនាញ​ចុងភៅ​មានបទពិសោធន៍ ហើយ​ដែល​នឹងត្រូវ​បណ្តុះបណ្តាល​អំពី​គរុកោសល្យ ក្នុងការ​បណ្តុះបណ្តាល​ប​ន្ត​ដល់​យុវជន​កម្ពុជា​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​បំប៉ន​ជំនាញ​បន្ថែម​ដល់​អ្នកជំនាញ​ចុងភៅ​ផ្សេងៗ​ទៀត ក្នុង​កម្មវិធី​បង្កើន​ជំនាញ (Upskilling) និង​បណ្តុះបណ្តាល​ជំនាញ​ថ្មី (Reskilling) ដែល​ក្រសួងទេសចរណ៍ បាន​នឹង​កំពុង​អនុវត្ត​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩​។ ​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ ជា​ផ្នែក​សកម្មភាព​មួយ​នៃ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការលើកស្ទួយ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​។​

​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ជាពិសេស​ក្រសួងទេសចរណ៍ ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការដោះស្រាយ​ផលប៉ះពាល់ និង​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ឯកឧត្ដម​ក៏បាន​កោតសរសើរ​ដល់​ការចូលរួម​ពី​ផ្នែក​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) វិទ្យាស្ថាន William Angliss នៃ​ប្រទេស​អូស្ត្រាលី និង​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បាន​គាំទ្រ​ការស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ តាមរយៈ​សិក្ខាសាលា​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ នាពេលនេះ​។ សិក្ខាសាលា​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ​នេះ មាន​រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ខែសីហា ដល់​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន ២៧​រូប​។​

​សូម​រំលឹក​ផងដែរ​ថា កម្ពុជា​បានធ្វើការ​បណ្តុះបណ្តាល​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ជាតិ​ចំនួន ៦៣០​រូប រួចមកហើយ ដោយ​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ទាំងនេះ បានធ្វើការ​បណ្តុះបណ្តាល​បន្ត ឬ​បណ្តុះបណ្តាល​ខាងក្នុង (Inhouse Training) ដល់​បុគ្គលិក​នៅតាម​ស្ថាប័ន​របស់ខ្លួន​ប្រមាណ ១,០០០​រូប លើ​ផ្នែក​គេហកិច្ច ផ្នែ​ការិយាល័យ​ជួរមុខ និង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close