អភិបាលខេត្តសៀមរាប បើកដំណើរការច្រកទាំង៣ឡើងវិញ
ខេត្តសៀមរាប៖ កាលពីថ្ងៃ១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យការបើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង៣ច្រក ដោយនឹងគ្រប់គ្រង សាកសួរព័ត៌មាន និងបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចូលមកកាន់ខេត្តសៀមរាប តាមច្រកស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។
ឯកឧត្តម អភិបាលខេត្តបានថ្លែងថារាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code http://srprovince.com/login ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព (អាចបំពេញមុនចេញដំណើរបាន) ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
ជាមួយគ្នានេះ ឯកឧត្តម សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួន បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។
ទន្ទឹមនឹងនេះ សូមបងប្អូនបន្តអនុវត្តវិធានការក្រសួងសុខាភិបាលដែលបានដាក់ចេញយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដោយផ្តើមចេញពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដោយអនុវត្តវិធានការឱ្យបានខ្ជាប់ខ្ជួន ជាពិសេស៣ការពារ និង៣កុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។