ករណីចាប់រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ រកឃើញសត្វតុកកែជិត១ពាន់ក្បាល ក្រុមហ៊ុនថា ក្រុមរដ្ឋបាលព្រៃឈើទារលុយពីខ្លួន ៣ម៉ឺនដុល្លារជាថ្នូរនឹងការដោះលែង
កាលពីវេលាម៉ោងប្រមាណ ១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងរដ្ឋបាលព្រៃខេត្តសៀមរាប ដឹកនាំដោយលោក លី សុផា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចោទថា រថយន្តនោះលួចបង្កប់ដឹកសត្វតុកកែខុសច្បាប់។
លោក លី សុផា បានថ្លែងថា រថយន្តរបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ នោះ បានចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។
ក្រោយចាប់រថយន្តនោះ ក្រុមហ៊ុនវីរៈប៊ុនថាំ បានអះអាងនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនជាក្រុមហ៊ុនដឹកជញ្ជូនមិនមានពាក់ព័ន្ធនឹងបញ្ញើនោះទេ ព្រោះជាគោលការណ៍ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានលើកជាសំណួរដែរថា បញ្ញើរទាំងនោះមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោក លី សុផា មិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ នៅពេលចាប់ភ្លាម ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើបានទាមទារពិន័យចំនួន 30,000$ ជាថ្នូរក្នុងការដោះលែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។