អាជ្ញាធរខេត្ត​ស្ទឹងត្រែង បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង ជា​បណ្តោះអាសន្ន ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ប្រភេទ​ថ្មី Delta

​ខេ​ត្យ​ស្ទឹងត្រែង​៖ នៅវេលា​ម៉ោង ២៣:៥៩​នាទី​យប់ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ «​ក្រុង​ស្ទឹងត្រែង​» ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ក្នុង​សហគមន៍ នៃ​មេរោគ​កូ​វីដ​-១៩ ប្រភេទ ដែល​តា (Delta)​។​

​រដ្ឋបាលខេត្ត បានបញ្ជាក់​ពី​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ អាច​ត្រូវបាន​បែង​ចែកជា «​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង​» អាស្រ័យ​តាម​កម្រិត នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​ជាក់ស្តែង​។ “​តំបន់​ក្រហម​” សំដៅលើ​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ “​តំបន់​លឿងទុំ​”​សំដៅលើ​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​មធ្យម នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ និង “​តំបន់​លឿង​” សំដៅលើ​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​កម្រិត​ស្រាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​រដ្ឋបាលខេត្ត បញ្ជាក់ទៀតថា ចំពោះ​ភូមិសាស្ត្រ ដែល​ត្រូវបាន​បិទ​ខ្ទប់ ត្រូវអនុវត្ត​វិធានការ​ហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទង​នឹង​ការធ្វើដំណើរ​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ និង​ការធ្វើដំណើរ​ចេញ​-​ចូល ឆ្លងកាត់​ភូមិសាស្ត្រ ដែល​ត្រូវបាន​បិទ​ខ្ទប់ ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​បម្រាម​គោចរ អនុលោម​តាមច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​វិធានការ​នានា នៅ​ជា​ធរមាន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close