ចាប់ខ្លួន​មេខ្យល់ ៣​នាក់ ករណី​នាំ​មនុស្ស ៤៤​នាក់ លួច​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​

ខេត្តបាត់ដំបង​៖ កាលពី​ព្រឹក ថ្ងៃទី​១៧​ខែសីហា ឆ្នាំ​២០២១ នគរបាល​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ លួច​ចូលទៅ​ប្រទេស​ថៃ នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង​។​

​នគរបាល​ជំនាញ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់ និង​រថយន្ត​ប្រភេទ​ដឹកជញ្ជូន​ម៉ាក​សាំ​យ៉ុង​ចំនួន ២​គ្រឿង ដោយមាន​ប្រជាពលរដ្ឋ ដែល​សន្និដ្ឋានថា ជា​ពលករ និង​កូនចៅ​របស់គាត់​ជា​ជនរងគ្រោះ ក្នុង​អំពើ​នាំចេញ​នេះ​ចំនួន ៤៤​នាក់ ស្រី​ចំនួន​១០​នាក់ អនីតិជន​ចំនួន ១២​នាក់ ស្រី​០១​នាក់​។ ពួកគាត់​ទាំងអស់ ជា​អ្នករស់នៅ​ឯ​ខេត្តកំពង់ចាម​។

​មេខ្យល់​ទាំង ៣​នាក់​នោះ ទី​១-​ឈ្មោះ ហេង ច័ន្ទ​ដា​រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្របែក ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​អ្នក​ដឹកជញ្ជូន​។ ទី​២-​ឈ្មោះ ឆេន រ័ត្ន​វ័ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិព​ពិត ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​អ្នក​ដឹកជញ្ជូន​។ និង​ទី​៣-​ឈ្មោះ សេង ឈុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​អ្នកដើរ​ប្រមូល​មនុស្ស​។

​បច្ចុប្បន្ន​មេខ្យល់​ទាំង ៣​នាក់ និង​រថយន្ត ត្រូវបាន​នគរបាល​ស្រុក កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​អនុវត្ត​តាមច្បាប់​។ រីឯ​ប្រជាពលរដ្ឋ​រងគ្រោះ បាន​អប់រំ​ណែនាំ រួច​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close